រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមការងារអន្តរក្រសួង ប្តេជ្ញារួមគ្នាពង្រឹងការគ្រប់គ្រងជនបរទេស និងលើកកម្ពស់បរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារចម្រុះថ្នាក់ជាតិ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង លោក ជួប ណាវ៉ាត់ អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។
ជំនួបនេះធ្វើឡើងក្នុងពេលដែលក្រុមការងារអន្តរក្រសួងគ្រោងនឹងចុះបំពេញបេសកកម្មការងារ ធ្វើអធិការកិច្ចអត្ថពលកម្មបរទេស នៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន កាស៊ីណូ និងទីតាំងអាជីវកម្មនានា នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ និងច្បាប់ស្ដីពីការងារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ម៉ាង ស៊ីណេត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសហការពេញលេញ ជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីធានាថាការចុះធ្វើអធិការកិច្ចនេះប្រព្រឹត្តទៅដោយរលូន តម្លាភាព និងទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមបានបន្ថែមទៀតថា ការគ្រប់គ្រង និងត្រួតពិនិត្យវត្តមានជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើ ការងារក្នុងខេត្ត គឺជាកត្តាចាំបាច់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ទាំងនិយោជក និងនិយោជិត។
ជាការឆ្លើយតប តំណាងក្រុមការងារអន្តរក្រសួង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមអភិបាលខេត្ត និងអាជ្ញាធរដែនដី ដែលបានសម្រួល និងផ្តល់កិច្ចសហការយ៉ាងជិត ស្និទ្ធ។ ក្រុមការងារបានបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ នឹងផ្តោតសំខាន់លើ ការពិនិត្យឯកសារផ្លូវច្បាប់ ដូចជា លិខិតឆ្លងដែន ទិដ្ឋាការ (Visa) និងប័ណ្ណពលករ/សៀវភៅការងារបរទេស ។ ការដាស់តឿន និងតម្រង់ទិសដល់ម្ចាស់សហគ្រាស/គ្រឹះស្ថាន ឱ្យគោរពតាមកាតព្វកិច្ចច្បាប់ជាធរមាន។ ការទប់ស្កាត់ និងចាត់វិធានការចំពោះការប្រកបអាជីវកម្ម ឬធ្វើការងារដោយខុស ច្បាប់។

ជំនួបនេះបានបញ្ចប់ទៅយ៉ាងរលូននិងវិជ្ជមាន ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់បរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព និងភាពស្របច្បាប់នៅក្នុងខេត្តព្រះសីហនុ៕

អត្ថបទ ៖ ស្រីមុំ
រូបភាព ៖ អ៊ូ ជោត