ខេត្តកោះកុង ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា និងដុតបំផ្លាញគ្រឿងញៀនជាង៤តោន
(ខេត្តកោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តកោះកុង និងដុតបំផ្លាញគ្រឿងញៀននៅទីតាំងអាកាសយានដ្ឋានកោះកុង។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកជំទាវ ឈី វ៉ា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង និងឯកឧត្តម ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា បានថ្លែងថា ថ្នាំញៀនត្រូវបានដកហូតតាមរយៈអំណាចសាលក្រម និងសាលក្រម ស្ថាពរ ដើម្បីសម្រេចរឹបអូសបំផ្លាញចោលសរុបថ្នាំញៀនមានចំនួន ៦៥សំណុំរឿង (ទម្ងន់សរុប ៤,៤៨៣គីឡូក្រាម និង១៤.៤ក្រាម) គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោលរួមមាន : ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៤,០៨១ដុំ, ៣៨៥កញ្ចប់ ៣៨កំណាត់ទុយោ និងថ្នាំគ្រាប់ WY ២គ្រាប់ មានទម្ងន់សរុបស្មើនឹង ៤,០៧១ គីឡូ និង ៥២០.៤ ក្រាម (ថ្លឹងទាំងសំបក) ថ្នាំញៀនប្រភេទ កេតាមីន ចំនួន ៤១៥ ដុំ មានទម្ងន់ស្មើនឹង ៤១១គីឡូ និង ៤៩៤ ក្រាម(ថ្លឹងទាំងសំបក)ឧបករណ៍សម្រាប់ជក់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ក្នុងឱកាសនោះ លោកជំទាវ ឈី វ៉ា បានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគូសបញ្ជាក់ពីសារៈសំខាន់នៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋទូទាំងពិភពលោក ឱ្យចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ ចែកចាយ និងឧក្រិដ្ឋកម្មគ្រឿងញៀនគ្រប់ប្រភេទ សំដៅកសាងសង្គមមួយប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ និងបានសង្កត់ធ្ងន់ថា គ្រឿងញៀនមិនត្រឹមតែបំផ្លាញសុខភាព និងអនាគតបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់គ្រួសារ សហគមន៍ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមទាំងមូល ជាពិសេសកុមារ និងយុវជន គឺជាក្រុមដែលងាយរងគ្រោះបំផុត ។ លោកជំទាវក៏បានបន្ថែមថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបទថ្មីនេះ មិនអាចពឹងផ្អែកតែលើវិធានការបង្ក្រាបតែមួយមុខនោះទេ ប៉ុន្តែត្រូវបង្កើនការងារបង្ការ និងអប់រំ ផ្តល់ព័ត៌មានត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ ដូចជាតាមរយៈកម្មវិធី App No Drug ជាដើម ព្រមទាំងជំរុញការចូលរួមពីសហគមន៍ឱ្យបានទូលំទូលាយ ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍។
ក្នុងនាមឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងសាទរដល់កិច្ចខិតខំប្រឹងប្រែងរបស់គ្រប់សមាសភាពនៃខេត្តកោះ កុងដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបន្តពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្ថែមទៀតជាពិសេសពង្រីកការងារផ្សព្វផ្សាយអប់រំតាមសហគមន៍ គ្រួសារ និងសាលារៀន ឱ្យបានទូលំទូលាយ ពង្រីកកិច្ចសហ ការរវាងស្ថាប័ន និងសហគមន៍ដើម្បីការពារ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងញៀនដើម្បីអនាគតកូនចៅយើង។




