វេទិកា ASEAN-RAI ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែសីហានេះ
រដ្ឋសភាកម្ពុជាសហការជាមួយអគ្គលេខាធិការដ្ឋានអាយប៉ា និងមានការគាំទ្រពីអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) បានរៀបចំកិច្ចប្រជុំស្ដីពី «កិច្ចសន្ទនាជាមួយពហុភាគីពាក់ព័ន្ធរបស់សភាស្ដីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្ដិសុខស្បៀង និងអាកាសធាតុ៖ ជំរុញរបៀបវារៈអាស៊ានស្ដីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវ លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ» ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
ពិធីនេះបានប្រារព្វបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជា នៃអន្តរសភាអាស៊ាន អាយប៉ា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
វេទិកាដ៏មានសារៈសំខាន់នេះ ប្រមូលផ្តុំសមាជិកសភា តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បី៖
• រួមគ្នាជំរុញរបៀបវារៈអាស៊ានលើការវិនិយោគក្នុងវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ (ASEAN-RAI)
• ធានាស្ថិរភាពសន្តិសុខស្បៀង និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
• លើកកម្ពស់កំណើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋប្រកបដោយចីរភាព។
កិច្ចសន្ទនានេះជាកាលានុវត្តភាពសម្រាប់ សមាជិកសភា ដៃគូរអភិវឌ្ឍនជាតិ-អន្ដរជាតិ វិស័យឯកជន និងតំណាងក្រសួងពាក់ព័ន្ធធ្វើការពិភាក្សា ផ្លាស់ប្ដូរមតិយោបល់ បទពិសោធន៍ និងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីធានាថារាល់ការវិនិយោគពិតជាផ្ដល់ចំណេញដល់សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជន ប្រកបដោយចីរភាព ស្របតាមក្របខ័ណ្ឌ ASEAN RAI 2024-2030។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា
បច្ចុប្បន្ន ពិភពលោកកំពុងប្រឈមនឹងវិបត្តិជាច្រើន រួមទាំងវិបត្តិអាកាសធាតុ និងអសន្តិសុខស្បៀងអាហារ ខណៈតំបន់អាស៊ីអាគ្នេយ៍ក៏មិនអាចជៀសផុតពីហានិភ័យទាំងនេះបានឡើយ។ បញ្ហានាពេលបច្ចុប្បន្ន មិនមែនជាការប្រែប្រួលអាកាសធាតុធម្មតាទៀតទេ ប៉ុន្តែកំពុងវិវត្តទៅជាវិបត្តិអាកាសធាតុធ្ងន់ធ្ងរ ដែលទាមទារឱ្យសហគមន៍អន្តរជាតិរួមគ្នាដោះស្រាយ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបន្តថា ការគំរាមកំហែងទាំងនេះមិនអាចដោះស្រាយដោយប្រទេសណាមួយតែឯងបានទេ។ ភាពមិនអាចទាយទុកជាមុនបាននៃអាកាសធាតុ ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងការខូចខាតបរិស្ថាន កំពុងជះឥទ្ធិពលដោយផ្ទាល់ដល់ផលិតកម្មកសិកម្ម និងធ្វើឱ្យប្រព័ន្ធស្បៀង អាហារកាន់តែមានភាពតានតឹង។
ឯកឧត្តមអនុប្រធានទី១រដ្ឋសភា បានសង្កត់ធ្ងន់ថា ភាពធន់នឹងការប្រែប្រួលអាកាសធាតុ គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខស្បៀងអាហារ ហើយទាមទារឱ្យមានការឆ្លើយតបប្រកបដោយសង្គតិភាពផ្នែកច្បាប់ គោលនយោបាយ និងសង្គម។ ការពង្រឹងភាពធន់នៃប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហារ គឺជាកត្តាសំខាន់ក្នុងការធានាការផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយស្ថិរភាព សម្រាប់ប្រជាជនដែលកំពុងកើនឡើង ការពារជីវភាពរស់នៅរបស់សហគមន៍ និងរក្សាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរយៈពេលវែង។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានលើកឡើងថា កសិករនៅក្នុងតំបន់អាស៊ានកំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះរាំងស្ងួត និងទឹកជំនន់។ ដូច្នេះ តំបន់ចាំបាច់ត្រូវបង្កើនការវិនិយោគលើការអភិវឌ្ឍកសិកម្មធន់នឹងអាកាសធាតុ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍប្រព័ន្ធព្រមានជាមុនប្រកបដោយភាពឆ្លាតវៃ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់បន្ថែមថា រដ្ឋសភាគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ការប្តេជ្ញាចិត្តអន្តរជាតិ និងចូលរួមក្នុងការអនុវត្តគោលនយោបាយ ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍ក្នុងតំបន់។ ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា បានចាត់ទុកថា ការបកប្រែគោលការណ៍កម្រិតខ្ពស់នៃ ASEAN-RAI ទៅជាសកម្មភាពជាក់ស្តែងដែលអាចអនុវត្តបាននៅថ្នាក់ជាតិ គឺជាកាតព្វកិច្ចដ៏សំខាន់របស់សភា ព្រមទាំងត្រូវពង្រឹងតួនាទីត្រួតពិនិត្យ ដើម្បីធានាថាការអនុវត្តគោលនយោបាយប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានឱ្យដឹងថា ដោយទទួលស្គាល់ពីកាតព្វកិច្ចនេះ AIPA រួមជាមួយដៃគូរបស់ខ្លួននៅអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) បានបង្កើត «ក្របខ័ណ្ឌអនុវត្តសភា ASEAN-RAI ឆ្នាំ២០២៤-២០៣០»។ ក្របខ័ណ្ឌនេះត្រូវបានអនុម័តនៅមហាសន្និបាត AIPA លើកទី៤៥ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ក្នុងឆ្នាំ២០២៤ ដោយផ្តល់នូវផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រសម្រាប់សភា ក្នុងការជំរុញអភិបាលកិច្ច និងការវិនិយោគប្រកបដោយការទទួលខុសត្រូវ៕




