ក្រុមពស់កេងកង និងសៀមរាបយូណាយធីត បានក្លាយ​ជាម្ចាស់​ជើងឯក Daiichi Junior Cup រដូវកាលទី​១

ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Daiichi Junior Cup រដូវកាលទី១ បានបញ្ចប់​ដោយ​ជោគ​ជ័យ​ ដោយក្នុង​នោះ​ក្រុមសាលាបាល់​ទាត់​​ពស់កេងកេង បាន​ក្លាយជាម្ចាស់​ជើងឯក លើ​ការ​ប្រកួត​កម្រិតអាយុ​ក្រោម​១២​ឆ្នាំ (U12) ខណៈ​ក្រុម​សៀមរាប យូណាយធីត បានឈ្នះពាន​ U14 ​ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ កាលពីចុងសប្តាហ៍កន្លងទៅ ។

ដោយក្រុមសាលាបាល់​ទាត់ ​ពស់កេងកេង បាន​យក​ឈ្នះ​ក្រុម Shine Academy ៣-០ ដើម្បី​គ្រង​ជើងឯក ​កម្រិត U12 រីឯ​ការ​ប្រកួតកម្រិត​ U14 វិញ ក្រុម​សៀមរាយយូណាយធីត បាន​យកឈ្នះ​ក្រុម Might Men ៣-០ ។

ជុំវិញ​ការ​រៀបចំការ​ប្រកួត​ពាន​រង្វាន់ Daiichi Junior Cup រដូវកាលទី១ លោក ង៉ែត វុទ្ធី តំណាងអ្នករៀបចំកម្មវិធី បាន​អះអាង​ថា បាន​ទទួល​ជោគ​ជ័យ​លើសការរំពឹង​ទុក ព្រោះ​ការ​ប្រកួតបានដំណើរ​យ៉ាងរលូន តាំងពីជម្រុះ​តាមមណ្ឌល ដល់វគ្គ​ផ្តាច់​ព្រ័ត្រនេះ ហើយ​មាតាបិតា និងអាណាព្យាបាល​របស់​កីឡាករ​ទាំង​២​កម្រិត​អាយុនេះ បាន​មកចូលរួមគាំទ្រ​ច្រើនមែនទែន នៅលើ​ទី​លាន ព្រោះ​នេះ​ជា​​បរិបទថ្មី​នៃការ​បង្កើត​ឱ្យ​មានការ​ប្រកួតបាល់​ទាត់ ដែលស្រប​ទៅនឹង​ស្ថាន​ភាពជាក់ស្តែង​របស់ក្មេងៗ។

លោក ង៉ែត វុទ្ធី បានបន្តទៀត​ថា៖ «​ព្រឹត្តិការណ៍នេះ វាមិនមែន​គ្រាន់​តែ​ជា​កម្ម​វិធីបាល់​ទាត់​ធម្មតានោះ​ទេ ប៉ុន្តែ​វាជាវេទិកា​មួយ​សម្រាប់​ឱ្យ​ក្រុមបណ្តុះបណ្តាល​យុវជន​ទៅតាម​ខេត្ត ដោយ​គាត់​មានការ​ហ្វឹក​ហាត់​ត្រឹម​ត្រូវ​ មានឱកាស​ប្រកួត និង​មានផែនការ​​រយៈពេល​វែង ដូច​ដែល​កម្មវិធី​ធ្វើ»។ ហើយការ​រៀបចំ ​ឱ្យក្មេងៗ​លេង​ នៅ​តារាង​តូច ដែលម្ខាងមានគ្នា​ត្រឹម​៤​នាក់នេះ វាបាន​ផ្តល់​ឱកាស​ឱ្យ​ក្មេងៗ​លេងបាល់បានច្រើន គឺ​ខុសពីការ​លេង​តារាង​ធំ​ម្ខាង​១១នាក់ ដោយក្មេងៗ​ឆាប់​ហត់​ ហើយការ​លេង​គ្នា​ច្រើននៅលើ​ទីលាន វាទាមទារ​នូវបែបបទបច្ចេក​ទេស​នៃការ​រៀបចំផ្សេងៗ ដែលហាក់នៅឆ្ងាយពីការ​យល់​ដឹង​របស់​ក្មេងៗ ព្រោះ​ក្មេងៗ ត្រូវ​ការ​ត្រឹម​ការ​លេង​បាល់ទៅតាមលទ្ធភាព​របស់ពួកគេ​អាច​ធ្វើបាន។

លោក វុទ្ធី បញ្ជាក់​ថា៖ «នេះ​គ្រាន់តែ​ជា​រដូវកាលទី​១ ប៉ុន្តែជាចំណុចចាប់​ផ្តើម ដែល​​យើងបានចាត់​ទុក​ថា ជាបរិបទ​មួយ ដែល​ក្មេងៗ​ចាប់​ផ្តើម​ទទួលបាន ​ការបណ្តុះបណ្តាល​បាល់​ទាត់ ក្នុង​ហ្គេមកម្រិតតូច លេងម្ខាង​៤នាក់ ដែល​ផ្តល់​ឱកាស​ឱ្យក្មេងៗ ​លេងបាល់បាន​ច្រើន និងបានបញ្ចេញ​នូវ សមត្ថភាព និង​បច្ចេក​ទេស ក៏ដូចជា ​ទទួលបាន​បទពិសោធន៍​ថ្មីៗ ​ត្រឡប់​ទៅវិញ ហើយ​នៅ​រដូវ​កាល​ក្រោយៗ​ទៀត ៕