ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បន្តអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះ
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងភូមិព្រែកកូវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
យោងតាមរបាយការណ៍ ទឹកជំនន់បណ្តាលមកពីទឹកទន្លេមេគង្គ បានប៉ះពាល់ក្រុង-ស្រុកចំនួន ៦ រួមមាន ស្រុកឆ្លូង, ស្រុកព្រែកប្រសព្វ, ស្រុកសំបូរ, ក្រុងក្រចេះ, ស្រុកចិត្របុរី, ស្រុកអូរគ្រៀងសែនជ័យ។ ក្នុងនោះ ប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន ៨.២១០គ្រួសារ និងជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ១០១គ្រួសារ។
អំឡុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ដែលបានស្ថាបនាលើកកម្ពស់ផ្លូវនៅជិតដងទន្លេមេគង្គ ដែលមានលក្ខណៈអំណោយផលដល់ប្រជាពលរដ្ឋមួយចំនួន ដែលបានជម្លៀសពីផ្ទះ ព្រមទាំងដឹកជញ្ជូនសម្ភារៈ និងសត្វពាហនៈជាដើមមកកាន់លើផ្លូវសាធារណៈនោះ។
យោងតាមការពិនិត្យតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋភាគច្រើន ក្នុងឃុំបុសលាវ ទឹកជំនន់លិចបានហូរចូលដល់ក្រោមផ្ទះ ដែលបញ្ហានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំដល់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានត្រូវតាមដានពីស្ថានភាពកម្ពស់ទឹកឱ្យបានជាប្រចាំ ដើម្បីមានការត្រៀមលក្ខណៈឆ្លើយតប ប្រសិនកម្ពស់ទឹកទន្លេមេគង្គបន្តកើនឡើង។
បើទោះបីប្រជាពលរដ្ឋភាគច្រើននៅតាមដងទន្លេ មិនទាន់មានការជម្លៀស ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាដល់រដ្ឋបាលខេត្ត ជាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមបម្រុងគ្រប់តម្រូវការចាំបាច់ និងទីទួលសុវត្ថិភាពដែលមានស្រាប់ ដើម្បីអន្តរាគមន៍ និងរៀបចំជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានស្នើឱ្យប្រជាពលរដ្ឋដែលពុំទាន់ជម្លៀសពីផ្ទះរបស់ខ្លួន សូមស្តាប់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ ព្រមទាំងតាមដានព័ត៌មាន និងសេចក្តីជូនដំណឹងជាបន្តបន្ទាប់ ដើម្បីអាចចាត់វិធានការបានទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកមានការប្រែប្រួល។
ដោយឡែក ចំពោះផលដំណាំក្នុងក្រចេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បន្ថែមថា ស្ថានភាពនាពេលនេះ មិនទាន់បង្កឱ្យដំណាំកសិកម្ម រងការខូតខាតធ្ងន់ធ្ងរនៅឡើយទេ។
សូមជម្រាបថា យោងតាមរបាយការណ៍ពីស្ថានភាពទឹកជំនន់បណ្តាលមកពីទឹកទន្លេមេគង្គកើនឡើង បានប៉ះពាល់ខេត្តចំនួន ៤ រួមមាន ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងកំពង់ចាម។ ទឹកជំនន់នេះ បានប៉ះពាល់ប្រជាពលរដ្ឋសរុប ប្រមាណ ១៣,៦៨៨ គ្រួសារ, បានជម្លៀសទៅទីទួលសុវត្ថិភាព ប្រមាណ ១,៥៥១គ្រួសារ, ប៉ះពាល់ផ្ទះប្រជាពលរដ្ឋប្រមាណ ៩,២១២ខ្នង និងប៉ះពាល់ដំណាំស្រូវ ប្រមាណ ៤,៣៧៣ ហិកតា៕




