ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ (17th ASEAN Health Ministers Meeting – AHMM) ក្រោមមូលបទ «អាស៊ានប្រកបដោយសុខភាពល្អ៖ រួមគ្នាឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលដែលត្រៀមរួចជាស្រេចនាពេលអនាគតប្រកប ដោយសមធម៌» (Healthy ASEAN: Together Towards Equitable, Future-Ready Health Systems) ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
គោលបំណងនៃកិច្ចប្រជុំ ដើម្បីត្រៀមសម្រាប់ការចូលរួមប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន ដែលជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ក្នុងការពិភាក្សា ផ្លាស់ប្តូរយោបល់ ចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីរួមគ្នាលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។
កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន នឹងពិនិត្យ និងអនុម័តលើឯកសារមួយចំនួន ដូចខាងក្រោម៖ ១) ផែនការសកម្មភាព ឆ្នាំ២០២៦-២០៣០ នៃវិស័យសុខាភិបាល ក្នុងក្របខ័ណ្ឌអាស៊ាន (ASHA 2026-2030) ២)យន្តការអភិបាលកិច្ច និងការអនុវត្តកម្មវិធី ក្នុងវិស័យសុខាភិបាលអាស៊ាន ឆ្នាំ២០២៦-២០៣០ (GIM 2026-2030) ៣)តួនាទី និងភារកិច្ច របស់ក្រុមការងារសុខាភិបាលអាស៊ានទាំងបួន (TOR-AHCs) ៤) សេចក្តីថ្លែងការណ៍រួម ថ្នាក់រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន (ASEAN Health Ministers Joint Statements)។




