ឯកឧត្តម នេត្រ ភក្ត្រា ចុះផ្ទាល់ដល់ស្រុកឆ្លូង ដើម្បីសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ
ក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពទឹកជំនន់តាមដងទន្លេមេគង្គ នៅឃុំព្រែកសាម៉ាន់ និងឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។
ក្នុងដំណើរចុះមកកាន់ស្រុកឆ្លូង នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចុះពិនិត្យដោយផ្ទាល់ដល់ទីតាំងរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងបានណែនាំដល់អាជ្ញាធរស្រុក និងឃុំ ឱ្យយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងត្រៀមលក្ខណៈឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសកុមារ និងសត្វពាហនៈ ក្នុងករណីស្ថានភាពគ្រោះធម្មជាតិមានសភាពធ្ងន់ធ្ងរ។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានពាំនាំនូវការសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ តាមដានស្ថានភាពអាកាសធាតុ និងកម្រិតទឹកទន្លេជាប្រចាំ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបំផុត។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តចុះតាមផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិព្រែកសណ្តាយ និងភូមិឈើទាលភ្លោះ នៃឃុំព្រែកសាម៉ាន់ ព្រមទាំងភូមិចំឡាក់ នៃឃុំកញ្ជរ ស្រុកឆ្លូង ដោយបានណែនាំឱ្យអាជ្ញាធរឃុំ និងស្រុក បន្តតាមដានស្ថានភាពជាប្រចាំ យកចិត្តទុកដាក់ និងត្រៀមវិធានការបង្ការទុកជាមុន ក្នុងករណីមានភាពចាំបាច់។
ការចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនាឱកាសនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គ។
តាមរយៈរបាយការណ៍របស់លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង ខេត្តក្រចេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កម្ពស់ទឹកទន្លេមេគង្គបានឡើងដល់កម្រិត ២១.៧៣ ម៉ែត្រ បណ្តាលឱ្យស្រុកឆ្លូងទាំងមូលរងផលប៉ះពាល់លើវិស័យសង្គម វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងឃុំចំនួន៧ ស្មើនឹង ៣១ភូមិ។
ផលប៉ះពាល់រួមមាន៖ ប្រជាពលរដ្ឋចំនួន ១,៨៣៣ គ្រួសារ សរុប ៨,០១១នាក់; ខ្នងផ្ទះសរុប ១,៤៦១ខ្នង ស្មើនឹង ១,៤៦១គ្រួសារ; សាលារៀនចំនួន ៨កន្លែង; សាលាឃុំចំនួន ២កន្លែង; ស្រូវសរុប ៣៦១ហិកតា ស្មើនឹង ៣២៦គ្រួសារ និងដំណាំរួមផ្សំសរុប ៤៥ហិចតា ។
ចំពោះហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវសរុប ៤៣ខ្សែ ក្នុងនោះផ្លូវគ្រួសចំនួន ៤០ខ្សែ និងផ្លូវបេតុងចំនួន ៣ខ្សែ ដែលមានប្រវែងសរុប ៧៤,៣៧១ម៉ែត្រ; ផ្លូវដីគ្រួស ៧៧,៣៧ម៉ែត្រ និងផ្លូវបេតុង ៦៥០ម៉ែត្រ។ ក្រៅពីនេះ មានស្ពានចំនួន ២កន្លែង នៅឃុំព្រែកសាម៉ាន់; បង្គន់អនាម័យចំនួន ១,០៣១បង្គន់; លូកាត់ផ្លូវចំនួន ៤០កន្លែង; ទំនប់ចំនួន ២៨កន្លែង; វិហារសាសនាចំនួន ៤កន្លែង; បាក់ច្រាំងទន្លេចូលមកផ្លូវប្រវែង ៨៧៣ម៉ែត្រ នៅឃុំហាន់ជ័យ និងឃុំកញ្ជរ និងទ្វារទឹកចំនួន ៧៣កន្លែង។
ដោយឡែក នៅឃុំព្រែកសាម៉ាន់ ប្រជាពលរដ្ឋដែលសង់ផ្ទះនៅតាមច្រាំងទន្លេ កំពុងប្រឈមនឹងហានិភ័យខ្ពស់ដោយសារទឹកជំនន់ទន្លេមេគង្គ ជាពិសេសនៅភូមិចំនួន២។
នៅភូមិឈើទាលភ្លោះ មានខ្នងផ្ទះសរុប ២៦៤ខ្នង ក្នុងនោះប៉ះពាល់ចំនួន ២១៤ខ្នង ហើយផ្ទះចំនួន ៥៣ខ្នង ស្ថិតនៅតាមច្រាំងទន្លេ។ ប្រជាពលរដ្ឋចំនួន ៦គ្រួសារ ត្រូវបានជម្លៀសទៅស្នាក់នៅផ្ទះអ្នកជិតខាង។
ចំណែកភូមិព្រែកសណ្តាយ មានខ្នងផ្ទះសរុប ៤៥២ខ្នង ក្នុងនោះរងផលប៉ះពាល់ទាំង ៤៥២ខ្នង និងមានផ្ទះចំនួន ៧៩ខ្នង ស្ថិតនៅជាប់ច្រាំងទន្លេ។ ប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ ត្រូវបានជម្លៀសទៅស្នាក់នៅផ្ទះអ្នកជិតខាង៕




