អាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ ខណៈទឹកជំនន់ទន្លេមេគង្គប៉ះពាល់ដល់គ្រួសារនានានៅខេត្តក្រចេះ

ក្រចេះ៖ អាជ្ញាធរមូលដ្ឋាននៅភូមិព្រែកសណ្តាយ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ បានបង្កើនការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដោយបានជម្លៀសប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ ក្នុងចំណោម ៧៩គ្រួសារដែលរងផលប៉ះពាល់ ទៅកាន់ទីតាំងមានសុវត្ថិភាព ខណៈកម្ពស់ទឹកទន្លេមេគង្គកំពុងបន្តកើនឡើង និងបង្កការគំរាមកំហែងដល់សហគមន៍នៅតាមដងទន្លេ។

ការជម្លៀសនេះធ្វើឡើងនៅពេលទឹកជំនន់ចាប់ផ្តើមប៉ះពាល់ដល់សហគមន៍ ខណៈមេភូមិបានឱ្យដឹងថា ស្ថានភាពមានភាពធ្ងន់ធ្ងរ ជាពិសេសក្នុងរយៈពេល ៤ ទៅ ៥ថ្ងៃកន្លងមកនេះ។

លោក ម៉ាន់ ទលស់ មេភូមិព្រែកសណ្តាយ បានឱ្យដឹងថា ភូមិនេះមានចំនួន ៥៤១គ្រួសារ មានប្រជាពលរដ្ឋសរុបប្រមាណ ២.១៨០នាក់ ក្នុងនោះស្ត្រីចំនួន ១.១២៩នាក់។ ប្រជាពលរដ្ឋភាគច្រើនរស់នៅតាមដងទន្លេ និងប្រកបរបរកសិកម្មជាចម្បង ខណៈប្រជាពលរដ្ឋមួយចំនួនតូចប្រកបរបរនេសាទ។

លោក ទលស់ បានបញ្ជាក់ថា អាជ្ញាធរបាននិងកំពុងតាមដានស្ថានភាពប្រជាពលរដ្ឋយ៉ាងជិតស្និទ្ធ ជាពិសេសអ្នកដែលរស់នៅតាមដងទន្លេ ដើម្បីបង្ការគ្រោះថ្នាក់ ខណៈកម្ពស់ទឹកកំពុងកើនឡើង និងច្រាំងទន្លេប្រឈមនឹងការបាក់ស្រុត។

លោក ទលស់ មានប្រសាសន៍ថា៖ «យើងណែនាំប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដើម្បីបង្ការគ្រោះថ្នាក់ ជាពិសេសក្នុងអំឡុងពេលមានទឹកជំនន់។ នៅពេលយប់ ខ្ញុំក៏ជួយតាមដានស្ថានភាពតាមដងទន្លេផងដែរ។ នៅពេលមានបញ្ហា ខ្ញុំនឹងប្រាប់ពួកគាត់ឱ្យជម្លៀស និងផ្លាស់ទីចូលទៅខាងក្នុងភូមិ»។

លោកបានបន្តថា មកទល់ពេលនេះ មិនទាន់មានប្រជាពលរដ្ឋណាម្នាក់រងរបួសដោយសារទឹកជំនន់នៅឡើយទេ រួមទាំងកុមារផងដែរ ខណៈអាជ្ញាធរបាននិងកំពុងបន្តត្រៀមលក្ខណៈ ដើម្បីទប់ទល់នឹងស្ថានភាពដែលអាចកាន់តែធ្ងន់ធ្ងរ។

លោកបានមានប្រសាសន៍ថា៖ «ជាជំហានដំបូង យើងមានផែនការបន្ថែមខ្សាច់ និងបាវខ្សាច់ ដើម្បីបង្ការគ្រោះថ្នាក់»។

លោក ទលស់ បានសម្តែងការអរគុណចំពោះការយកចិត្តទុកដាក់ចំពោះសហគមន៍ដែលរងផលប៉ះពាល់ ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមន៍ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងស្រុកឆ្លូង នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។

លោក ទលស់ មានប្រសាសន៍ថា៖ «ខ្ញុំឃើញថា ឯកឧត្តមរដ្ឋមន្ត្រីបានមកទីនេះ និងបង្ហាញការយកចិត្តទុកដាក់ចំពោះគ្រោះថ្នាក់ដែលកំពុងកើតមាន។ ឯកឧត្តមបានមកសួរសុខទុក្ខពួកយើងទាំងអស់គ្នា ព្រមទាំងផ្តល់ការណែនាំ និងជួយដោះស្រាយបញ្ហាដែលបង្កឡើងដោយគ្រោះមហន្តរាយ ដើម្បីសម្រួលស្ថានភាព»។

លោក ទលស់ បានបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងអំឡុងពេលប្រឈមនឹងទឹកជំនន់។ លោកបានបន្ថែមថា ឯកឧត្តមរដ្ឋមន្ត្រីធ្លាប់បានចុះមកមូលដ្ឋានភូមិ-ឃុំនេះ ក្នុងអំឡុងពេលមានគ្រោះរាំងស្ងួត ដើម្បីពិនិត្យស្ថានភាពស្រែប្រាំងដែលរងផលប៉ះពាល់។

លោកបានឱ្យដឹងថា ទឹកជំនន់ជាបញ្ហាដែលតែងតែកើតមាននៅតំបន់មួយចំនួនក្នុងភូមិ ដោយតំបន់ខ្លះរងផលប៉ះពាល់រៀងរាល់ ៣ ឬ ៤ឆ្នាំម្តង។ អាជ្ញាធរបាននិងកំពុងបន្តតាមដានស្ថានភាពទឹកទន្លេ និងត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋ ប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងរ។

មេភូមិបានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅជិតដងទន្លេ បង្កើនការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ពាក់ព័ន្ធនឹងការជម្លៀសនៅពេលចាំបាច់ ដើម្បីធានាសុវត្ថិភាពរបស់ខ្លួន និងក្រុមគ្រួសារ។

យោងតាមរបាយការណ៍របស់លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង បានឱ្យដឹងថា ប្រជាពលរដ្ឋជាង ១.៨០០គ្រួសារ ស្មើនឹងប្រមាណ ៨.០០០នាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់ នៅទូទាំងឃុំចំនួន ៧ និងភូមិចំនួន ៣១ ក្នុងស្រុកឆ្លូង។

របាយការណ៍បានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ទឹកទន្លេមេគង្គបានឡើងដល់កម្ពស់ ២១,៧៣ម៉ែត្រ ដែលបង្កផលប៉ះពាល់ដល់សហគមន៍ វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងស្រុក។

ក្នុងចំណោមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក៏មានលោកស្រី សេន សាគីរ៉ាក់ អាយុ ៥៧ឆ្នាំ ដែលត្រូវបានជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព។ លោកស្រីបានសម្តែងការកោតសរសើរ និងអរគុណចំពោះការឆ្លើយតបរបស់អាជ្ញាធរ។

លោកស្រីបានមានប្រសាសន៍ថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ចំពោះការយកចិត្តទុកដាក់របស់ពួកគាត់។ យើងខ្ញុំបានត្រៀមលក្ខណៈបានល្អ ជាពិសេសការយកចិត្តទុកដាក់ចំពោះកុមារតូចៗរបស់យើង តាមការណែនាំរបស់អាជ្ញាធរ»៕