នាយឧត្ដមសេនីយ៍ វង្ស ពិសេន ៖កោតសរសើរចំពោះកងទ័ព ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម
ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា ចំណងសាមគ្គីរវាងកងទ័ព និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃខឿនការពារជាតិរបស់ប្រជាជន គាំទ្រដល់ការបំពេញភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ សម្រេចបានជោគជ័យធំៗជាច្រើន ទាំងក្នុងភារកិច្ចការពារជាតិមាតុភូមិ ការរួមចំណែកកសាងអភិវឌ្ឍជាតិ ដោយមានការគាំទ្រយ៉ាងសកម្ម ពីប្រជាជន នៅគ្រប់កាលៈទេសៈទាំងអស់ស្របតាមទិសស្លោក “សមរភូមិក្រោយ ជួយសមរភូមិមុខ” និងស្របតាមប្រធានបទ “សមរភូមិក្រោយគាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ”។ ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិល ឆ្នាំ២០២៥ ទិសយោភូមិភាគទី៤ និងទី៥ “សមរភូមិក្រោយ គាំទ្រសមរភូមិមុខ រួមគ្នា ពង្រឹងខឿនការពារជាតិ” នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ។នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ទៀតថា សម្ព័ន្ធមេត្រីភាពដែលកងយោពលខេមរភូមិន្ទពុំអាចបំភ្លេចបាននោះគឺការជួយឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលតែងបាននិងបន្តផ្តល់ជំនួយឧបត្ថម្ភជួយដល់បណ្តាកងឯកភាព យោធិននិងគ្រួសារយោធិនដោយផ្ទាល់រួម ទាំងការលើកស្ទួយជីវភាព ការហ្វឹកហ្វឺន ការកសាងជំរុំជម្រកស្នាក់នៅ ព្រមទាំងការបំពាក់សម្ភារៈបម្រើឱ្យ ប្រតិបត្តិការយោធា និងការងារជំនួយមនុស្សធម៌និងសង្គ្រោះ គ្រោះមហន្តរាយ ក៏ដូចជាការថែទាំសុខុមាលភាពរបស់យោធិនដោយក្នុងនោះ រដូវរត្រជាក់ត្រូវផ្តល់អាវរងារ រដូវភ្លៀងត្រូវផ្តល់អាវភ្លៀង រហូតបងប្អូនយោធិន ប្រសិទ្ធនាមថាជា “អគ្គភស្តុភារជាន់ខ្ពស់” ដែលតែងតែយកចិត្តទុកដាក់ គិតសព្វគិតគ្រប់ដោយសារខ្លួន សម្តេចតេជោផ្ទាល់ គឺជាយោធិនមួយរូប ដែលធ្លាប់ឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងចលនាតស៊ូនិងការឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម។
អគ្គមេបញ្ជាការបានបន្តទៀតថា ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយយន្តការមួយនេះបានបន្តរួមចំណែក យ៉ាងសំខាន់ក្នុងការកសាងនិងពង្រឹងខឿនការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានកាន់តែរឹងមាំដូចប្រសាសន៍ របស់ សម្តេចតេជោ ធ្លាប់បានលើកឡើងកន្លងមកថា “នយោបាយការពារជាតិរបស់សម្តេចតាំងពីដើមរហូតមក គឺខឿនការពារជាតិរបស់ប្រជាជន។ កងទ័ពបានកើតចេញពីប្រជាជននិងធ្វើអ្វីៗដើម្បីសេចក្តីសុខរបស់ប្រជាជន។ ប្រជាជនជាប្រភពជ្រើសរើសកងទ័ព គឺជាប្រភពនៃការផ្គត់ផ្គង់កម្លាំង ទាំងកម្លាំងទ័ពនិងកម្លាំងភស្តុភារ”។បន្ទាប់ពីបានស្ដាប់ មតិស្វាគមន៍ និងអានរបាយការណ៍រួច ស្ថិតក្នុងឱកាសនោះ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន អង្គភាពស៊ីវិល សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដែលមានវត្តមានអញ្ជើញចូលរួមក្នុងសិក្ខាសាលារបស់យើងនាពេលនេះ។
លោកជំទាវ នាយឧត្តមសេនីយ៍បានដឹកនាំអង្គពិភាក្សា និងជម្រាបជូនអំពីគោលបំណង របៀបវារៈ និងខ្លឹមសារសំខាន់ៗមួយចំនួន ពាក់ព័ន្ធនិងកិច្ចពិភាក្សារបស់អង្គសិក្ខាសាលានាពេលនេះ គឺដើម្បីពិនិត្យ វាយតម្លៃសមិទ្ធផល បញ្ហាប្រឈម និងវឌ្ឍនភាពការងារដែលបានអនុវត្តទៅតាមបណ្តាទិសកន្លងមក ជាពិសេសនៅពេលដែលមានសភាពការណ៍ជម្លោះព្រំដែន ដែលបង្ករឡើងដោយការឈ្លានពានរបស់យោធាថៃ មកលើអធិបតេយ្យភាព បូរណភាពដែនដី របស់កម្ពុជាយើង។ ការពិភាក្សា របស់អង្គសិក្ខាសាលាពេលនេះនឹងឆ្លុះបញ្ចាំងពីតម្លាភាព គណនេយ្យភាព នៃទំនាក់ទំនងដៃគូសម្ព័ន្ធមេត្រីភាពតាមបណ្តាទិសនីមួយៗ និយាយជារួម និងនិយាយដោយឡែក ចំពោះទិសយោធភូមិភាគទី៤ និងទី៥ ដែលយើងកំពុងប្រារព្ធធ្វើនាពេលនេះ ដើម្បីរិះរក និងរំលេចចេញនូវវិធានការគន្លឹះនានា ដាក់ចេញនូវទិសដៅ ភារកិច្ចបន្តនាពេលខាងមុខ ក្នុងគោលដៅលើកកម្ពស់ការបន្តប្រពៃណីសិល្បៈនៃការចែករំលែកនិងតម្រង់ទិស ឱ្យមានគុណប្រយោជន៍និងចំគោលដៅជាយុទ្ធសាស្ត្រយូរអង្វែង និងចំពោះមុខរួមគ្នាការពារជាតិ សាមគ្គីជាតិខ្មែរ រឹងមាំក្រោមប្រធានបទ “សមរភូមិក្រោយគាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ”ផងដែរ៕



