ភូមិនេសាទកោះខ្យង ជាតំបន់អេកូទេសចរណ៍ សំបូរទៅដោយជីវៈចម្រុះ ព្រៃកោងកាង និង ប្រភពគ្រឿងសមុទ្រស្រស់ៗ
ខេត្តព្រះសីហនុ: ភូមិនេសាទកោះខ្យង ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ត្រូវបានគេស្គាល់ថាជាតំបន់នេសា ទដ៏មានសក្តានុពល និងជាប្រភពផ្គត់ផ្គង់គ្រឿងសមុទ្រដ៏សំខាន់មួយក្នុងខេត្តព្រះសីហនុ។
លក្ខណៈពិសេសដោយសារជាដីទួលដែលយើងអាចមើលឃើ ញនៅទិដ្ឋភាពយ៉ាងត្រជាក់ភ្នែក ពីលក្ខណៈអំណោយ ផលពីធម្មជាតិដែលមាននៅនោះ អមដោយព្រែកធម្មជាតិ និងព្រៃកោងកាង។ ដោយមានប្រព័ន្ធព្រៃកោងកាងដុះអមតាមព្រែក ដូចជាព្រែកកំពង់ស្មាច់ និងព្រែកទឹកសាប កោះខ្យងបានក្លាយជាជំរករក្សាពូជ និងពងកូននៃពពួកជលផលសមុទ្រគ្រប់ប្រភេទ ដែលធ្វើឱ្យតំបន់នេះមានជម្រកជីវៈចម្រុះប្រកបដោយលក្ខណៈអំណោយផលពីធម្មជាតិ។ ចំពោះជីវភាពរស់នៅរបស់អ្នកភូមិកោះខ្យង ប្រជាពលរដ្ឋភាគច្រើនប្រកបមុខរបរ អាស្រ័យផលស្ទើរទាំងស្រុងលើរបរនេសាទសមុទ្រ ក៏ដូចជាសិប្បកម្មជួសជុលទូកនិង គ្រឿងមាសុីន ជារៀងរាល់ថ្ងៃ ទូកនេសាទតូចធំតែងតែចេញចូលចាត់ចែងផលនេសាទយ៉ាងកកកុញ។ ប្រភពផលនេសាទសំខាន់ៗដែលទទួលបានពីតំបន់នេះ រួមមានគ្រឿងសមុទ្រស្រស់ដូចជា ក្តាមសេះ បង្គា មឹក បង្កង ត្រីសមុទ្រ និងសំបូរទៅដោយខ្យងសមុទ្រច្រើនប្រភេទផ្សេងៗ ដែលជាប្រភពបង្កើតឈ្មោះ «កោះខ្យង» តាំងពីដើមរៀងមក។ ក្រៅពីមុខរបរចុះនេសាទផ្ទាល់ ប្រជាពលរដ្ឋមួយចំនួនទៀតបានចាប់យកមុខរបរជាអ្នកប្រមូលទិញ ម៉ូយ អាជីវករលក់ដូរគ្រឿងសមុទ្រស្រស់ៗ និងការកែច្នៃផលនេសាទដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងខេត្ត រាជធានីភ្នំពេញ ក៍ដូចជាតាមបណ្តាខេត្តផ្សេងៗ។
បច្ចុប្បន្ន ភូមិនេសាទកោះខ្យងកំពុងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំ និងអភិវឌ្ឍឱ្យទៅជា «កំពង់ផែគំរូ»។ គម្រោងរៀបចំនេះ មានគោលបំណងលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការគ្រប់គ្រងអនាម័យ និងកាកសំណល់នៅតាមមាត់ច្រាំង និងកំពង់ផែ ការលើកកម្ពស់ការនេសាទប្រកបដោយនិរន្តរភាព ការទប់ស្កាត់បទល្មើសនេសាទ និងការការពារព្រៃកោងកាង ដែលជាទ្រនាប់ការពារធម្មជាតិ និងជាជម្រកជលផលដើរទន្ទឹមគ្នា នឹងការបង្កើតសក្តានុពលទេសចរណ៍ពេលអនាគត។
អត្ថបទ: មន សូត្រ

រូបភាព: រដ្ឋបាលក្រុង កំពង់សោម



