មនុស្សជាច្រើននាក់បាត់ខ្លួនអំឡុងពេលដែលប្រទេសវេណហ្ស៊ូអេឡាមានភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ធ្ងន់ធ្ងរ! ក្រោយពីជួបគ្រោះរញ្ជួយដីដ៏សាហាវផងដែរ
ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់នៅក្នុងទីក្រុងការ៉ាកាស និងរដ្ឋជិតខាងក្នុងប្រទេសវេណេហ្ស៊ូអេឡា ដោយវាបានធ្វើឱ្យទឹកហូរឆ្លងកាត់តាមដងផ្លូវ និងផ្ទះសម្បែងប្រជាជន ព្រមទាំងជំរុញឱ្យមានការស្វែងរកមនុស្សដែលបាត់ខ្លួនយ៉ាងហោច ណាស់៤នាក់ផងដែរ។ នៅក្នុងសង្កាត់ឡាវេហ្គា នៃទីក្រុងការ៉ាកាសវិញ គឺទឹកជំនន់បានហូរកាត់តាមដងផ្លូវនានាបន្ទាប់ពីទឹកទន្លេងនានាហូរហៀរចេញមកក្រៅ។ អាជ្ញាធរបាននិយាយថា ស្ត្រីម្នាក់ និងកូនប្រុសតូចរបស់នាងនៅតែបាត់ខ្លួន បន្ទាប់ពីពួកគេធ្លាក់ពីលើម៉ូតូ ហើយត្រូវទឹកស្រូបទាញចូលទៅក្នុងប្រព័ន្ធបង្ហូរទឹកនៅជិតពហុកីឡដ្ឋាន ម៉ូណូម៉ាន់ថល។ ចំណែកនៅក្នុងរដ្ឋអារ៉ាហ្គា គូស្នេហ៍មួយគូដែលឈ្មោះថា៖ Eduardo Barbera និង Zuleika Morillo ក៏បានបាត់ខ្លួនដែរ បន្ទាប់ពីចរន្តទឹកទន្លេអារ៉ាហ្គាបានអូសយករថយន្ត SUV របស់ពួកគេ។ អាជ្ញាធរបានរកឃើញរថយន្តដែលខូចខាតធ្ងន់ធ្ងរដោយគ្មានអ្នកដំណើរនៅខាងក្នុង ហើយបានដាក់ពង្រាយអ្នកជួយសង្គ្រោះ បុគ្គលិកសន្តិសុខ និងអ្នកស្ម័គ្រចិត្តជាង ១០០នាក់តាមបណ្តោយទន្លេជាច្រើនគីឡូម៉ែត្រ។ ប្រតិបត្តិការស្វែងរកមនុស្សត្រូវបានផ្អាកកាលពីយប់ថ្ងៃអាទិត្យ ដោយសារតែស្ថានភាពងងឹត និងភ្លៀងធ្លាក់មិនទៀងទាត់ ដែលត្រូវគេរំពឹងថាបានបន្តឡើងវិញនៅព្រឹកថ្ងៃច័ន្ទនេះ។ អាជ្ញាធរបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងរលកត្រូពិចចំនួន៤០ ដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសនេះកាលពីចុងសប្តាហ៍មុន។ រដ្ឋាភិបាលបានបង្កើតប្រព័ន្ធការពារស៊ីវិលថ្នាក់ជាតិសកម្ម ខណៈដែលទឹកជំនន់បានប៉ះពាល់ដល់ទីក្រុងការ៉ាកាស និងតំបន់ផ្សេងទៀត បន្ទាប់ពីប្រទេសនេះបានរងគ្រោះរញ្ជួយដីយ៉ាងសាហាវកាលពីជាង១ខែមុន៕
សម្រួលអត្ថបទ៖ សុផារិន្ទ



