CMAC ទទួលអំណោយ Drone ពីក្រុមហ៊ុនចិន ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា
នៅទីបញ្ជាការដ្ឋានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរៀបចំ ពិធីប្រគល់-ទទួលអំណោយDrone សម្រាប់ចូលរួមចំណែកក្នុងប្រតិបត្តិការស្រាវជ្រាវ និងបោសសម្អាតមីននៅកម្ពុជា ដែលជាអំណោយ របស់ក្រុមហ៊ុន Guangzhou Hopong Helicopter Remote Sensing Technology Co., Ltd. ប្រគល់ជូនដល់ CMAC ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកCMAC និងលោក Li Guodong លេខាទី១ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកCMACបានថ្លែងថា Drone ដែលជាអំណោយ ក្រុមហ៊ុន Guangzhou Hopong Helicopter Remote Sensing Technology Co., Ltd. បានទទួលការសម្របសម្រួលពី សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និង មូលនិធិចិន Peaceland ដែលបានដើរតួនាទីជាស្ពានសម្របសម្រួលរវាងភាគីចិន និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យមនុស្សធម៌ និងការអភិវឌ្ឍសង្គម។
ក្នុងនាមជាម្ចាស់ជំនួយ លោក XU Peng អគ្គនាយកក្រុមហ៊ុន Guangzhou Hopong Helicopter Remote Sensing Technology Co., Ltd. បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនដែលមានអាយុកាល២៤ឆ្នាំក្នុងការរួម ចំណែកដល់ការងារមនុស្សធម៌នៅកម្ពុជា តាមរយៈការនាំយកបច្ចេកវិទ្យា និងបទពិសោធន៍របស់ក្រុមហ៊ុនមកគាំទ្រ ដល់ការងារបោសសម្អាតមីន។ ការបោសសម្អាតមីនមិនមែនជាការងាររបស់ប្រទេសណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែជាបេសកកម្មមនុស្សធម៌ដែលត្រូវការការចូលរួមពីគ្រប់ភាគី។ ក្នុងនាមជាក្រុមហ៊ុនដែលមានជំនាញDrone និងបច្ចេកវិទ្យាចាប់សញ្ញាពីចម្ងាយ ក្រុមហ៊ុនមានបំណងប្រើប្រាស់សមត្ថភាពបច្ចេកវិទ្យារបស់ខ្លួន ដើម្បីគាំទ្រដល់ CMAC ក្នុងការស្ទង់ទីតាំង ប្រមូលទិន្នន័យ និងបង្កើនប្រសិទ្ធភាពប្រកបដោយស័ក្តិសិទ្ធិភាពការងារបោសសម្អាតមីននៅកម្ពុជា។
លោកបានបន្តថា ការផ្តល់ Drone នាពេលនេះ គឺមិនត្រឹមតែជាការផ្តល់ឧបករណ៍បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះសុវត្ថិភាព និងជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។ លោកសង្ឃឹមថា បច្ចេកវិទ្យាដែលបានផ្តល់ជូននឹងអាចជួយដល់អ្នកជំនាញកម្ពុជា ឱ្យអនុវត្តការងារបានកាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ជាងមុន ជាពិសេសរួមចំណែកដល់ចក្ខុវិស័យពិភពលោកដែលគ្មានគ្រាប់មីន។
លោក Liu Wenzhi តំណាងមូលនិធិចិនPeaceland បានគាំទ្រដល់ទស្សនៈវិស័យរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យល់ថា អំណោយ Droneនេះ ជាការប្រើប្រាស់បច្ចេកវិទ្យាចាប់សញ្ញាពីចម្ងាយ អាចជួយដល់ការស្ទង់ទីតាំង ការប្រមូលទិន្នន័យ និងការវិភាគភូមិសាស្ត្រ ដែលជាឧបករណ៍បច្ចេកវិទ្យាដ៏មានសារៈសំខាន់សម្រាប់គាំទ្រដល់ការងារបោសសម្អាតមីន។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ អាចជួយបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយពេលវេលា និងជួយកាត់បន្ថយហានិភ័យសម្រាប់អ្នកបោសសម្អាតមីននៅតាមតំបន់ដែលមានការសង្ស័យថាអាចមានមីន។
សម្រាប់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងមូលនិធិ Peaceland ការសម្របសម្រួលនាំយក Drone មកប្រគល់ជូន CMAC នាពេលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការភ្ជាប់ធនធាន បច្ចេកវិទ្យា និងសមត្ថភាពរបស់ដៃគូចិន ជាមួយតម្រូវការជាក់ស្តែងរបស់កម្ពុជា។ ការរួមចំណែកនេះ មិនត្រឹមតែជាការផ្តល់ឧបករណ៍បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃ មិត្តភាព កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ក្នុងការរួមគ្នាដោះស្រាយបញ្ហាមនុស្សធម៌ និងកសាងសង្គមមួយដែលមានសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕




