ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពជួរមុខ និងពលរដ្ឋ នៅឃុំកំពង់ត្រឡាច និងឃុំលង្វែក ស្រុកកំពង់ត្រឡាច

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងក្រុមការងារ អមដំណើរដោយរដ្ឋបាលឃុំលង្វែក បានអញ្ជើញចុះសួរសុខទុក្ខ លោក ឈុំ សុគា អាយុ ៣៨ឆ្នាំ ជាវីរកងទ័ពជួរមុខឈរជើងនៅភ្នំ៣៣៣ ទិសតាថាវ ពោះម៉ាយមានកូនចំនួន ២នាក់នៅក្នុងបន្ទុក ដោយក្នុងនោះកូនទី១ កំពុងមានជំងឺសាច់ដុះក្នុងច្រមុះ មានទីលំនៅស្ថិតនៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាពដ៏អង្គអាចក្លាហាន ក្នុងការលះបង់សាច់ស្រស់ ឈាមស្រស់ និងស្មារតីស្នេហាជាតិ ក្នុងការឈរជើងការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ។ ទោះបីជាលោកកំពុងបំពេញកាតព្វកិច្ចយ៉ាងមមាញឹកនៅសមរភូមិមុខយ៉ាងណា ក៏ដោយ ក៏លោកនៅតែបារម្ភអំពីសុខទុក្ខរបស់កូនៗនៅផ្ទះ ក្នុងសមរភូមិក្រោយផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលជានិច្ចកាល សម្តេច និងថ្នាក់ដឹកនាំទាំងអស់ តែងតែយកចិត្តទុកដាក់ និងគិតគូរជាប្រចាំអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារនៅសមរភូមិក្រោយ ដោយមិនឱ្យមានការខ្វះខាតឡើយ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា លោកនឹងពិភាក្សាជាមួយក្រុមការងារដើម្បីស្វែងរកដំណោះស្រាយ ក្នុងការជួយសម្របសម្រួលបញ្ជូនកូនប្រុសរបស់លោក ឈុំ សុគា ទៅទទួលការព្យាបាលជំងឺសាច់ដុះក្នុងច្រមុះនេះឱ្យបានជាសះស្បើយ។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត និងក្រុមការងារ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់លោក ឈុំ សុគា ដើម្បីសម្រាលជីវភាពប្រចាំថ្ងៃ ព្រមទាំងជូនពរដល់លោក និងកូនៗ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារជាតិមាតុភូមិ ព្រមទាំងឈ្នះលើគ្រប់សត្រូវឈ្លានពាន។

នៅថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ ម្ដាយរបស់នាយប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ត្រឡាច មានជំងឺ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច។ ឯកឧត្តមបណ្ឌិត បានជូនពរសូមឱ្យឆាប់បានជាសះស្បើយពីជំងឺ និងផ្ដាំផ្ញើសូមលោកអ៊ំ ខិតខំថែរក្សាសុខភាពឱ្យបានល្អ ព្រមទាំងធ្វើតាមការណែនាំរបស់វេជ្ជបញ្ជាឱ្យបានខ្ជាប់ខ្ជួន ដើម្បីឱ្យសុខភាពបានល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ៕