ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ស្ថិតនៅឃុំទន្លេបិទ និងឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បន្ទាប់ពីរយៈពេល៣ថ្ងៃនេះ ទឹកជំនន់ទន្លេមេគង្គបានកើនឡើង។
ឆ្លើយតបនឹងស្ថានភាពនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំទីទួលសុវត្ថិភាពចំនួន៥កន្លែង សម្រាប់ទទួលប្រជាពលរដ្ឋដែលត្រូវបានជម្លៀស រួមមាន ទួលឧកញ៉ា អាន ម៉ាឌី, ទួលឧកញ៉ា វ័ន ប៊ុនថៃ, ទួលបេង, ទួលវត្តសុវណ្ណមាលី និងគល់ស្ពានទួលខ្សាច់។
អំឡុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានឱ្យដឹងថា យោងតាមកម្ពស់ទឹកមេគង្គកើនឡើងពីផ្នែកខាងលើបានធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនរស់នៅតាមដងទន្លេមេគង្គបានរងផលប៉ះពាល់ និងស្ថានភាពនេះអាចបន្តកើនឡើង ក្នុងករណីប៉ុន្មានថ្ងៃខាងមុខកម្ពស់ទឹកទន្លេមេគង្គកើនឡើង។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានរម្លឹកដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញ ត្រូវសហការតាមដានពីស្ថានភាពទឹកទន្លេមេគង្គ និងរាយការណ៍ឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមអន្តរាគមន៍ និងកាត់បន្ថយហានិភ័យឱ្យបានទាន់ពេលវេលា។
ទន្ទឹមនឹងទឹកជំនន់បង្កឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែកើនឡើង ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់រដ្ឋបាលខេត្ត យកចិត្តទុកដាក់ពិនិត្យពីការឆ្លើយតបចំពោះតម្រូវការចាំបាច់នានា ជាពិសេសតាមដានឱ្យបានល្អប្រសើរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព និងតាមខ្នងផ្ទះដែលប្រឈមហានិភ័យ។
ជាក់ស្តែង បច្ចុប្បន្នលេខាធិការដ្ឋានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងរដ្ឋបាលស្រុកកំពុងសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលឃុំនានា ដើម្បីរៀបចំ ស៊ីទែនទឹក ប្រព័ន្ធតទឹកស្អាត បង្គន់អនាម័យ និងអំពូលសូឡានៅតាមទីទួលសុវត្ថិភាព ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលបានជម្លៀស។
ដោយឡែក ចំពោះប្រជាពលរដ្ឋដែលមិនទាន់ត្រូវបានជម្លៀស ឯកឧត្តម ទេសរដ្ឋមន្រ្តី បានស្នើឱ្យប្រជាពលរដ្ឋស្តាប់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ ព្រមទាំងតាមដានព័ត៌មាន និងសេចក្តីជូនដំណឹងជាបន្តបន្ទាប់ ដើម្បីអាចចាត់វិធានការបានទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកមានការប្រែប្រួល។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តសហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ឃុំ និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីបន្តតាមដានស្ថានភាពទឹកជំនន់ វាយតម្លៃហានិភ័យ និងផលប៉ះពាល់ ព្រមទាំងជំរុញវិធានការឆ្លើយតបសមស្រប ដោយផ្តោតជាចម្បងលើការការពារប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ប្រឈម និងការធានាឱ្យមានការគាំទ្រចាំបាច់នៅតាមទីទួលសុវត្ថិភាព។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ស្ថានភាពទឹកជំនន់នៅខេត្តត្បូងឃ្មុំ បានប៉ះពាល់ដល់ស្រុកចំនួន២ រួមមាន ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ស្មើ ៧ឃុំ។ ប្រជាពលរដ្ឋប៉ះពាល់សរុបប្រមាណចំនួន ៣,៧១៩គ្រួសារ និងត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពប្រមាណ ១,៤៣០គ្រួសារ និងប៉ះពាល់ដំណាំកសិកម្មមួយចំនួន៕




