ប្រជាពលរដ្ឋ ៤០០គ្រួសារនៅស្រុកអូររាំង ទទួលបានចង្ក្រានសន្សំសំចៃថាមពល ដើម្បីប្រើប្រាស់ឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាព

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អមដំណើរដោយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកចង្ក្រានសន្សំសំចៃថាមពល និងអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ ដែលបានប្រារព្ធឡើងនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង។

ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានសម្តែងនូវការកោតសរសើរចំពោះ គណៈកម្មការសាខាសមាគមនារីខេត្ត និងក្រុមចលនាស្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារយ៉ាងសកម្ម ទាំងការចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងធ្វើជាអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ កន្លងទៅនេះ។ ឯកឧត្តម បន្តថា ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មន្ទីរកិច្ចការនារីខេត្ត បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការពារសិទ្ធិស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ។ ជាក់ស្តែង កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ សមាគមនារីខេត្ត ក៏បាននាំយកអំណោយឃីត ទៅចែកជូនប្រជាពលរដ្ឋភៀសសឹក ២៧៨គ្រួសារ ដែលជាជនចាស់ជរា ជនពិការ ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន នៅមណ្ឌលសុវត្ថិភាពក្នុងខេត្តព្រះវិហារ ព្រមទាំងបានចុះសួរសុខទុក្ខស្ត្រីទីទ័លក្រ និងស្ត្រីសម្រាលកូនដោយវះកាត់ជាច្រើននាក់ផងដែរ។

លោកជំទាវ មាន សំអាន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកជំទាវ បានគូសបញ្ជាក់ពីអត្ថប្រយោជន៍សំខាន់ៗនៃចង្ក្រានសន្សំសំចៃថាមពលនេះថា ជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងសន្សំសំចៃពេលវេលា និងថវិការបស់គ្រួសារ។ ចង្ក្រាននេះបង្កើតផ្សែងតិចតួច ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺផ្លូវដង្ហើម និងជំងឺភ្នែក ជាពិសេស ចំពោះស្ត្រី និងកុមារតូចៗដែលនៅជិតផ្ទះបាយ។ ម្យ៉ាងទៀត ជួយឱ្យការចម្អិនអាហារមានអនាម័យ កាត់បន្ថយកំដៅ និងការសាយភាយផេះក្នុងផ្ទះ។

ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសុខភាព ដោយត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីចៀសវាងជំងឺដង្កាត់ផ្សេងៗក្នុងរដូវភ្លៀងធ្លាក់។ ត្រូវថែរក្សាសុខភាពមាតា និងទារក ដោយត្រូវអញ្ជើញទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឱ្យបានទៀងទាត់ និងសម្រាលកូននៅមន្ទីរពេទ្យជំនាញ ជាពិសេស សូមបងប្អូនចូលរួមថែរក្សាសន្តិភាព និងសមិទ្ធផលនានាក្នុងមូលដ្ឋាន ដើម្បីរួមគ្នានាំយកការអភិវឌ្ឍបន្ថែមទៀតមកកាន់ភូមិឋានរបស់ខ្លួន។

នៅក្នុងឱកាសនោះ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងថ្នាក់ដឹកនាំខេត្ត បានផ្តល់ជូនចង្ក្រានសន្សំសំចៃថាមពលដល់ប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន ចង្ក្រាន១ និងសារុង ១ (អំណោយពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ) រួមទាំងថវិកាចំនួន ២០,០០០ រៀល ដែលជាការឧបត្ថម្ភបន្ថែមដោយ ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត ៕