ពិធីរាប់បាត្រប្រគេនព្រះសង្ឃ ២០០អង្គ ដើម្បីឧទ្ទិសមហា កុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាល ដែលពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ
ក្នុងស្មារតីនៃការដឹងគុណ និងការរំលឹកដល់គុណូបការៈដ៏ខ្ពង់ខ្ពស់របស់វីរកងទ័ព និងវីរនគរបាល ដែលបានលះបង់ជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ, ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងឯកឧត្តម មាស សុត្ថា ប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើននាក់ រៀបចំពិធីរាប់បាត្រសង្ឃចំនួន ២០០អង្គ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្សារតាមាសសុទ្ធ ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធនៃវីរជន ដែលបានពលីកម្មក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។
អញ្ជើញដល់ទីតាំងប្រារព្វពិធី នាផ្សារតាមាសសុទ្ធឯកឧត្តម ឯក សំអុល និងឯកឧត្តម ចាយ បូរិន ឯកឧត្តម មាស សុត្ថា បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តព្រះសង្ឃ ដើម្បីសូត្រមន្ត បង្សុកូល ទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា។
បន្ទាប់មកនៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម ឯក សំអុល និងឯកឧត្តម ចាយ បូរិន ឯកឧត្តម មាស សុត្ថា បានប្រគេនថ្វាយ សាដក និងបច្ច័យមួយចំនួន ដល់សម្តេចព្រះសង្ឃ និងព្រះមន្ត្រីសង្ឃ ដើម្បីឲ្យព្រះសង្ឃ ឧទ្ទិសកុសលផលបុណ្យជូនដល់វីរជន បុព្វការីជន អ្នកស្នេហាជាតិ ដែលបានធ្វើមរណ កាលក្នុងបុព្វហេតុជាតិមាតុភូមិ រួមទាំងញាតិការទាំងអស់ ដែលបានចែកឋានទៅកាន់ទីបរមលោក ខាងមុខ សូមទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ ហើយបានទៅសោយសុខក្នុងឋានបរម លោកកុំបីអាក់ខានឡើយ។
ក្នុងស្មារតីនៃការដឹងគុណ និងការរំលឹកដល់គុណូបការៈដ៏ខ្ពង់ខ្ពស់របស់វីរកងទ័ព វីរនគរបាល និងកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងអាជ្ញាធរដែនដី មន្ត្រីរាជការ និងប្រជាពលរដ្ឋ បានអញ្ជើញរាប់បាត្រ ប្រគេនថ្វាយដល់សម្តេចព្រះសង្ឃ ព្រះមន្ត្រីសង្ឃ និងព្រះសង្ឃចំនួន ២០០ ព្រះអង្គ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធនៃវីរជន ដែលបានពលីកម្មក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។
ពិធីនេះគឺជាការបង្ហាញនូវសទ្ធាជ្រះថ្លា និងការគោរពចំពោះអ្នកដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ការប្រគេនចង្ហាន់ និងបច្ច័យដល់ព្រះសង្ឃ គឺជាការសាងកុសលផល បុណ្យដ៏ធំធេង ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធធ្វើឡើងជាប្រពៃណី ដើម្បីឧទ្ទិសជូនដល់បុព្វការីជន ញាតិកាទាំង ៧សន្តាន និងជាពិសេសគឺវីរយុទ្ធជន ដែលបានបាត់បង់ ជីវិតក្នុងបុព្វហេតុការពារជាតិ។
គួរបញ្ជាក់ថាកម្មវិធីនេះ អាចប្រព្រឹត្តទៅបាន ក្រោមគំនិតផ្តួចផ្តើមពី ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ, ឯកឧត្តម មាស សុត្ថា ប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និង លោកជំទាវ , ឯកឧត្តម សោម សឿន និងលោកជំទាវ, ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធនៃវីរជន ដែលបានពលីកម្មក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។
ការរៀបចំពិធីនេះ បានបង្ហាញពីការចងចាំ ការដឹងគុណ និងការប្តេជ្ញាចិត្តរបស់ប្រជាជនកម្ពុជា ក្នុងការលើកតម្កើង និងចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងរបស់វីរកងទ័ព វីរនគរបាល អាវុធហត្ថ ដែលបានធ្វើពលីកម្មដើម្បីសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាផងដែរ៕







