ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការកែសម្រួលភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីការកែសម្រួលភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន បន្ទាប់ពីការចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ដើម្បីឆ្លើយតបនឹងភាពចាំបាច់ ស្ថានការណ៍នៅចំពោះមុខ និងតម្រូវការនាពេលអនាគត។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក ជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងអគ្គនាយិកា នៃក្រសួងព័ត៌មាន។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការកែសម្រួលភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ គឺជាការងារចាំបាច់ ដើម្បីឱ្យការបែងចែកតួនាទី និងការទទួ លខុសត្រូវមានភាពច្បាស់លាស់ ស្របតាមរចនាសម្ព័ន្ធ និងសមត្ថកិច្ចថ្មីរបស់ក្រសួង ព្រមទាំងអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការវិវត្តនៃវិស័យព័ត៌មាន និងសោត ទស្សន៍។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ការកែសម្រួលភារកិច្ច និងការទទួលខុសត្រូវនេះ មិនមែនគ្រាន់តែជាការរៀបចំផ្នែករដ្ឋបាលទេ ប៉ុន្តែជាការរៀបចំប្រព័ន្ធដឹកនាំឱ្យកាន់តែមានភាពច្បាស់លាស់ ប្រសិទ្ធភាព និងការទទួល ខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបនឹងភាពចាំបាច់ និងស្ថានការណ៍ដែលកំពុងវិវត្ត ទាំងនៅចំពោះមុខ និងទៅអនាគត»។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា បរិបទនៃវិស័យព័ត៌មានកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល បណ្តាញសង្គម បញ្ញាសិប្បនិម្មិត និងទម្រង់ផ្សព្វផ្សាយព័ត៌មានថ្មីៗ។ ដូច្នេះ ក្រសួង ព័ត៌មានត្រូវរៀបចំរចនាសម្ព័ន្ធ និងការបែងចែកភារកិច្ចឱ្យបានសមស្រប ដើម្បីធានាបាននូវសមត្ថភាពដឹកនាំ សម្របសម្រួ ល និងឆ្លើយតបបានទាន់ពេលវេលា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំគ្រប់រូបឱ្យបន្តពង្រឹងកិច្ចសហការ ការសម្របសម្រួល និងការចែករំលែកព័ត៌មានរវាងអង្គភាព ដើម្បីជៀសវាងការត្រួតស៊ីគ្នានៃភារកិច្ច និងធានាឱ្យការអនុវត្តការងារមាន ប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំនេះមានសារៈសំខាន់ក្នុងការធានាឱ្យថ្នាក់ដឹកនាំក្រសួងព័ត៌មានមានការយល់ដឹងរួម និងច្បាស់លាស់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ស្របតាមអនុក្រឹត្យថ្មី ដើម្បីរួមគ្នាជំរុញប្រសិទ្ធភាពការងារ និងបំពេញបេសកកម្មរបស់ក្រសួងឱ្យកាន់តែឆ្លើយតបនឹងតម្រូវការរបស់សង្គម និងប្រជាពលរដ្ឋ៕







