ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ : សំណូមពរដល់អ្នកពាក់ព័ន្ធនៃវិស័យអាកាសចរណ៍បន្តពង្រឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងកាត់អាកាសយានដ្ឋាន។
រាជធានីភ្នំពេញ: ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំណូមពរបែបនេះក្នុងឱកាសចូលជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលចំណេះដឹងស្តីពីការយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀននិងពង្រឹងការចូលរួមទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនធ្លាប់កាត់អាកាសយានដ្ឋាន ដែលមានអ្នកចូលរួមជាមន្ត្រីរាជការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនិងប្រតិបត្តិករពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍កាលពីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៦។
ថ្លែងក្នុងនាម ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុច បានថ្លែងអំណរគុណពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានផ្ដល់កិច្ចសហការល្អតាមរយៈការផ្ដល់ចំណេះដឹងនិងបទពិសោធន៍នានាដើម្បីឲ្យវិស័យអាកាសចរណ៍អាចចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ថ្លែងក្នុងនាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណនិងកោតសរសើរដល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៃវិស័យអាកាសចរណ៍ដែលបានចូលរួមសហការក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក ដោយបានចូលរួមសហការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់អាកាសយានដ្ឋានរក្សាបាននូវបរិស្ថានល្អល្អក្នុងវិស័យអាកាសចរណ៍កម្ពុជា ។
ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានសំណូមពរដល់អ្នកពាក់ព័ន្ធនៃវិស័យអាកាសចរណ៍សូមបន្តចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងកាត់អាកាសយានដ្ឋាន ដោយត្រូវរូមគ្នាប្រើប្រាស់App NoDrug ពង្រឹងសមត្ថភាពបង្ការទប់ស្កាត់លំហូរគ្រឿងញៀនឆ្លងកាត់អាកាសយានដ្ឋាន ។ ជាមួយគ្នានេះយើងបានគិតគូរនូវបញ្ហាមួយចំនួនមានជាអាទិ៍ការគិតគូរបំពេញបន្ថែមនូវឧបករណ៍សម្ភារៈទំនើបសម្រាប់ត្រួតពិនិត្យគ្រឿងញៀន ភាពស្អាតស្អំរបស់មន្ត្រីរួមទាំងគ្មានវត្តមានគ្រឿងញៀន ពង្រឹងសមត្ថភាពមន្រ្តីក្នុងការត្រួតពិនិត្យបទល្មើសគ្រឿងញៀនឆ្លងកាត់អាកាសយានដ្ឋានដែលកន្លងមកយើងបង្ក្រាបបាននូវករណីចរាចរគ្រឿងញៀនដោយលេបចូលក្នុងពោះជាដើម។ល។







