សេចក្តីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បិទវគ្គបណ្តុះបណ្តាលតម្រង់ទិសជាស៊េរី ស្តីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ជូនមន្ត្រីរាជការ ក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ និង ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

នារសៀល ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៦ នៅសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបិទ «វគ្គបណ្តុះបណ្តាលតម្រង់ទិសជាស៊េរីស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ» ជូនមន្ត្រីរាជការក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ និង ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ពិធីបិទវគ្គនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន សាលាជាតិគយ នៃអគ្គនយកដ្ឋានគយ និងរដ្ឋាករកម្ពជា និង វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និង សិក្ខាកាម សរុបប្រមាណ ៤៨០ នាក់

ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងការអបអរសាទរចំពោះសិក្ខាកាម ដែលបានខិតខំរៀនសូត្រ និង បានបញ្ចប់វគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដោយជោគជ័យ, ហើយវិញ្ញាបនបត្រដែលដែលសិក្ខាកាមទទួលបាននាថ្ងៃនេះ គឺជាសក្ខីភាពមួយនៃចំណេះដឹងដែលទទួលបានពីវគ្គសិក្សា ដែលជាចំណុចចាប់ផ្តើមដ៏មានអត្ថន័យ នៃអាជីពជាអ្នកបម្រើប្រជាពលរដ្ឋ ក្នុងនាមជាមន្ត្រីរាជការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ហើយក៏ជាគ្រឹះដំបូង និង ជាស្ពានសម្រាប់កសាងចំណេះដឹង ចំណេះធ្វើ និង អនាគតនៃអាជីពជាមន្ត្រីរាជការ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចជូនអង្គពិធី លើចំណុចសំខាន់ៗមួយចំនួន រួមមាន៖

ទី១. ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចាប់ផ្ដើមតាំងពីឆ្នាំ២០០៤ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលទី៤ ក្នុងគោលដៅគឺគណនេយ្យភាពសមិទ្ធកម្ម តាមរយៈការអនុវត្តអង្គភាពថវិកា និង ថវិកាព័ត៌មានសមិទ្ធកម្ម ព្រមជាមួយនឹងការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ដើម្បីធ្វើឌីជីថលូបនីយកម្មលើការអនុវត្តថវិកា សំដៅធានាតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព ក្នុងការសម្រេចចិត្តឱ្យចំគោលដៅ និង ទាន់ពេល ។ ការណ៍នេះ មានន័យថា សមិទ្ធផលដែលបានសម្រេចក្នុងដំណាក់កាលកន្លងមក មិនទាន់បិទបញ្ចប់ទាំងស្រុងនូវការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទេ, ក៏ប៉ុន្តែ ទន្ទឹមនឹងការបន្តឈានទៅសម្រេចគោលដៅ «គណនេយ្យភាពសមិទ្ធកម្ម» ចាំបាច់ត្រូវបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ និង បង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយថែមទៀត ក្នុងពេលដែលសិទ្ធិអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានផ្ទេរ និង ប្រគល់ទៅឱ្យអង្គភាពថវិកា នៃក្រសួងស្ថាប័ន និង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ក្នុងន័យនេះ, ការកសាងសមត្ថភាពជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ គឺជាការងារចាំបាច់ដែលត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ជានិច្ច ។

ទី២. ពិភពលោកបច្ចុប្បន្ន ពោរពេញដោយភាពមិនប្រាកដប្រជា ដោយសារតែការរង្គោះរង្គើផ្នែកសេដ្ឋកិច្ច, ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ, ការចុះខ្សោយនៃប្រព័ន្ធច្បាប់ និង សណ្ដាប់ធ្នាប់ពិភពលោក, ការរីកចម្រើនឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន និង ឌីជីថល, និង ការប្រែប្រួលអាកាសធាតុ ។ ការផ្លាស់ប្តូរខាងលើនេះ បាននិងកំពុងកើតឡើងក្នុងល្បឿនដ៏លឿន និង មិនអាចព្យាករបានជាមុន ។ ក្នុងន័យនេះ, កម្ពុជា ត្រូវការមូលធនមនុស្ស ប្រកបដោយសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈកាន់តែច្បាស់លាស់ ដើម្បីអាចឆ្លើយតបឱ្យបានទាន់ពេល និង កាន់តែមានប្រសិទ្ធភាព, ជាពិសេស ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយភាពធន់រឹងមាំ សម្រាប់ទប់ទល់ទៅនឹងវិបត្តិ និង ឆ្លើយតបតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។

ទី៣. ក្នុងបរិការណ៍ដែលកម្ពុជា បាននិងកំពុងជួបប្រទះបញ្ហាប្រឈម ទាំងក្នុងនិងក្រៅប្រទេស, ជាពិសេសការឈ្លានពានពីប្រទេសជិតខាង ដែលពោរពេញដោយមហិច្ឆតា និង មានកម្លាំងសេដ្ឋកិច្ចខ្លាំងជាង, កម្ពុជាចាំបាច់ត្រូវបង្កើនសមត្ថភាព ក្នុងការជំរុញសម្ទុះអភិវឌ្ឍសេដ្ឋកិច្ច ឱ្យកាន់តែលឿន និង ធំទូលាយថែមទៀត សំដៅប្រែក្លាយពីប្រទេសចំណូលមធ្យមកម្រិតទាប ឆ្ពោះទៅជាប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។ ដើម្បីសម្រេចគោលដៅនេះ ប្រជាពលរដ្ឋម្នាក់ៗ ជាពិសេស មន្រ្តីរាជការគ្រប់រូប ចាំបាច់ត្រូវមានស្មារតីរួម ប្រកបដោយមនសិការជាតិ តាមរយៈការបង្កើនសមត្ថភាព ចំណេះដឹង និង ជំនាញវិជ្ជាជីវៈជាប្រចាំ ។ ទន្ទឹមនេះ, មន្រ្តីម្នាក់ៗត្រូវបន្តរួមគ្នាអនុវត្តការងារក្នុងស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍ជាតិ ដោយផ្ដើមចេញពីការបំពេញភារកិច្ច ឱ្យបានល្អប្រសើរ ឆ្ពោះទៅសម្រេចគោលដៅ ក្នុងការកសាងនូវខឿនការពារជាតិរឹងមាំ ក្នុងនាមពលរដ្ឋជាម្ចាស់លើជោគវាសនាប្រទេសជាតិ ។

ទី៤. រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលដាក់ការអភិវឌ្ឍមូលធនមនុស្ស ជាបញ្ចកោណទី១ ក្នុងចំណោមអាទិភាពទាំង៥ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០ ។ ផ្អែកតាមស្មារតីច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣ និង អនុក្រឹត្យលេខ៤៥ ស្ដីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្ត «កម្មវិធីបណ្ដុះបណ្ដាលកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ជូនមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ២០២៣ មក សំដៅកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ សម្រាប់ចូលរួមគាំទ្រ និង អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា ក្នុងបំណងជំរុញលើកទឹកចិត្តដល់សិក្ខាកាមគោលដៅ ឱ្យខិតខំយកចិត្តរៀនសូត្រ បង្កើនចំណេះដឹង និង សមត្ថភាពវិជ្ជាជីវៈ សំដៅរួមចំណែកធានាប្រសិទ្ធភាព និង ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ថែរក្សាសមិទ្ធផលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល, សិក្ខាកាមជ័យលាភីលេខ១, លេខ២ និង លេខ៣ នៃកម្មវិធីបណ្ដុះបណ្ដាលកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ដែលជាមន្រ្តីវ័យក្មេង មានឆន្ទៈកែទម្រង់ខ្ពស់ មានលក្ខណសម្បត្តិគ្រប់គ្រាន់ និង មានសក្ដានុពលលូតលាស់សម្រាប់ការអភិវឌ្ឍសមត្ថភាព នឹងទទួលបានអាហារូបករណ៍ សម្រាប់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមកម្មវិធីសហប្រតិបត្តិការរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយសាកលវិទ្យា័យដៃគូជាតិ-អន្តរជាតិ ។

ក្នុងឱកាសនៃពិធីបិទវគ្គនាពេលនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានធ្វើបាឋកថាចែករំលែកចំណេះដឹងស្តីពី «ទ្រឹស្តីមូលដ្ឋានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង សភាពការណ៍សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន» ជូនដល់សិក្ខាកាម និង អ្នកចូលរួមទាំងអស់ ដោយបានលើកឡើងអំពីដំណើរវិវត្តនៃសង្គម និង សេដ្ឋកិច្ច ដែលត្រូវបានបង្កើតឡើង ទៅតាមសម័យកាល នៃប្រវតិ្តសាស្រ្តមនុស្សជាតិ ចាប់ផ្តើមពីការកកើតសង្គមមនុស្ស និង សកម្មភាពសេដ្ឋកិច្ច រហូតអភិវឌ្ឍបានមកជា គោលគំនិត ទស្សនៈ រូបមន្ត ទ្រឹស្តិ៍គំរូ ទ្រឹស្តីសេដ្ឋកិច្ច និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលកំពុងបន្តវិវឌ្ឍ ដូចសព្វថ្ងៃនេះ ។ ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពី តួនាទីរដ្ឋ និង សេដ្ឋកិច្ច, ប្រព័ន្ធសេដ្ឋកិច្ចសំខាន់ៗ, និង ដំណើរវិវត្តនៃប្រព័ន្ធសេដ្ឋកិច្ចនីមួយៗ ដែលតែងតែផ្សារភ្ជាប់ជាមួយនឹងបរិបទសង្គម និង និន្នាការនយោបាយ ក្នុងតំបន់ និង នៅលើពិភពលោក ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានចែករំលែកផងដែរ អំពីការវិវត្តនៃប្រព័ន្ធសេដ្ឋកិច្ច ដំណើរការសេដ្ឋកិច្ច និង សភាពការណ៍សេដ្ឋកិច្ចកម្ពុជា ជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន ដោយបានឆ្លុះបញ្ចាំងនូវតួនាទី និង ការចូលរួមចំណែកដ៏សំខាន់របស់មន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណើរការនៃការគ្រប់គ្រងថវិកាជាតិ សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ៕