ឯកឧត្តម នេត្រ ភក្ត្រា៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួងព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនលោកស្រី ម៉ាទីលដា បូហ្គនើរ (Matilda Bogner) អ្នកតំណាងប្រចាំប្រទេសថ្មីនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ថា ការពង្រឹងក្របខណ្ឌច្បាប់ពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន ការការពារសិទ្ធិ និងសុវត្ថិភាពអ្នកសារព័ត៌មាន ព្រមទាំងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាអាទិភាពសំខាន់របស់ក្រសួងព័ត៌មាន។
ក្នុងជំនួបសម្តែងការគួរសម នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនលោកស្រី ម៉ាទីលដា បូហ្គនើរ អំពីដំណើរការកែទម្រង់ច្បាប់ និងរដ្ឋបាលរបស់ក្រសួង រួមមាន ការកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន ការរៀបចំច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងច្បាប់ស្តីពីសោតទស្សន៍។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ច្បាប់ស្តីពីរបបសារព័ត៌មាន ដែលត្រូវបានអនុម័តតាំងពីឆ្នាំ១៩៩៥ មក មិនទាន់ត្រូវបានធ្វើបច្ចុប្បន្នភាពអស់រយៈពេលប្រមាណ ៣០ឆ្នាំមកហើយ ខណៈវិស័យសារព័ត៌មានបានវិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ដូច្នេះ ក្រសួងព័ត៌មានបានចាត់ទុកការកែសម្រួលច្បាប់នេះជាអាទិភាពផ្នែកច្បាប់ទី១ ដើម្បីឱ្យស្របតាមការវិវឌ្ឍនៃវិស័យសារព័ត៌មាន និងការពារសិទ្ធិអ្នកសារព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព។
បច្ចុប្បន្ន ក្រសួងព័ត៌មានបានរៀបចំសេចក្តីព្រាងច្បាប់ថ្មីដែលមានជាង ២០០ មាត្រា និងកំពុងត្រៀមរៀបចំការពិគ្រោះយោបល់ជាមួយអ្នកសារព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាល អង្គការយូណេស្កូ (UNESCO) និងភាគីពាក់ព័ន្ធនានា។
សេចក្តីព្រាងច្បាប់ថ្មីនេះ មានគោលបំណងរក្សាទុកនូវការការពារសិទ្ធិសំខាន់ៗដែលមានក្នុងច្បាប់បច្ចុប្បន្ន ដូចជា សិទ្ធិរបស់អ្នកសារព័ត៌មានក្នុងការមិនបង្ហាញប្រភពព័ត៌មាន និងគោលការណ៍មិនឱ្យមានការត្រួតពិនិត្យមាតិកាជាមុនពេលផ្សព្វផ្សាយ ព្រមទាំងបន្ថែមបទប្បញ្ញត្តិឱ្យសមស្របនឹងការវិវឌ្ឍនៃប្រព័ន្ធផ្សព្វផ្សាយទំនើប។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ការរៀបចំជាច្បាប់ថ្មីមានភាពសមស្របជាងការធ្វើវិសោធនកម្មច្បាប់ចាស់ ដោយសារការកែប្រែមានវិសាលភាពធំ និងច្រើនជាងកម្រិតដែលអាចចាត់ទុកថាជាវិសោធនកម្មធម្មតា។
ក្រៅពីច្បាប់ស្តីពីរបបសារព័ត៌មាន ក្រសួងព័ត៌មានក៏បានកំណត់ការរៀបចំច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងច្បាប់ស្តីពីសោតទស្សន៍ ជាអាទិភាពសំខាន់ក្នុងការកែទម្រង់ច្បាប់ ដើម្បីឆ្លើយតបនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងបរិបទព័ត៌មានក្នុងសម័យឌីជីថល។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីវិធានការពង្រឹងការការពារផ្នែកច្បាប់ និងវិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន ដោយអ្នកសារព័ត៌មានដែលជួបប្រទះបញ្ហាផ្លូវច្បាប់ អាចទទួលបានការគាំទ្រតាមរយៈសមាគមអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងនីតិវិធីតុលាការ និងការឃុំខ្លួនបណ្តោះអាសន្ន។ ទន្ទឹមនោះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន ក៏បន្តផ្តល់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃដល់អ្នកសារព័ត៌មានដែលប្រឈមនឹងបញ្ហាផ្លូវច្បាប់ ពាក់ព័ន្ធនឹងការបំពេញការងារវិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការកែទម្រង់រដ្ឋបាលរបស់ក្រសួងព័ត៌មាន រួមទាំងការដាក់ឱ្យដំណើរការប្រព័ន្ធសេវាច្រកចេញចូលតែមួយ ដើម្បីសម្រួលនីតិវិធីស្នើសុំសេវា ដែលពីមុនត្រូវបានគ្រប់គ្រងដោយអង្គភាពជាច្រើន។ ក្រសួងក៏កំពុងរៀបចំលក្ខណៈវិនិច្ឆ័យស្តីពីគុណវុឌ្ឍិសម្រាប់អ្នកបោះពុម្ពផ្សាយ ការីនិពន្ធ និងនិពន្ធនាយក ដើម្បីធានាថា ស្ថាប័នសារព័ត៌មានត្រូវបានដឹកនាំដោយអ្នកមានសមត្ថភាព និងវិជ្ជាជីវៈ។
ជាពិសេស ក្រសួងព័ត៌មានក៏កំពុងរៀបចំគោលនយោបាយថ្មីសម្រាប់ការផ្លាស់ប្តូរពីការផ្សាយតាមប្រព័ន្ធអាណាឡូកទៅប្រព័ន្ធឌីជីថល ដែលសេចក្តីព្រាងត្រូវបានរៀបចំរួចហើយ និងនឹងត្រូវពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គោលបំណងសំខាន់គឺពង្រឹងការទំនាក់ទំនងពីរទិស ដោយធានាឱ្យព័ត៌មានពីរាជរដ្ឋាភិបាលទៅដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា និងត្រឹមត្រូវ ព្រមទាំងជួយបញ្ជូនសំណូមពរ កង្វល់ និងមតិយោបល់របស់ប្រជាពលរដ្ឋទៅកាន់រាជរដ្ឋាភិបាលវិញ ដើម្បីឱ្យការផ្តល់ព័ត៌មាន និងការទំនាក់ទំនងរវាងរដ្ឋ និងសាធារណជនកាន់តែមានប្រសិទ្ធភាព៕
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ក្រោយការកែទម្រង់រដ្ឋបាលរបស់រាជរដ្ឋាភិបាល តួនាទីរបស់ក្រសួងព័ត៌មានត្រូវបានពង្រីក និងកាន់តែមានសារៈសំខាន់ក្នុងការសម្របសម្រួលព័ត៌មាន។ ក្រសួងនឹងពង្រឹងកិច្ចសហការរវាងអ្នកនាំពាក្យរបស់ស្ថាប័នរដ្ឋ និងអ្នកសារព័ត៌មាន ដើម្បីធានាឱ្យការឆ្លើយតបព័ត៌មានបានទាន់ពេលវេលា និងកាត់បន្ថយគម្លាតព័ត៌មាន ដែលអាចជាមូលហេតុនាំឱ្យមានការរីករាលដាលនៃព័ត៌មានមិនពិត។
ក្រសួងព័ត៌មានក៏កំពុងកសាងបណ្តាញសហការជាមួយស្ថាប័នរដ្ឋ ដើម្បីផ្តល់ព័ត៌មាន រូបភាព និងវីដេអូជូនប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ រួមមាន ទូរទស្សន៍ជាតិកម្ពុជា (TVK) វិទ្យុជាតិកម្ពុជា (RNK) ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) សារព័ត៌មានបោះពុម្ព និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។







