កម្ពុជា-អង់គ្លេស រឹតចំណងមិត្តភាព៖ អភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយមេបញ្ជាការនាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស HMS TAMAR
ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំជំនួបពិភាក្សាការងារ និងទទួលជួបសម្តែងការគួរសមជាមួយលោកវរនាវីទោ TOM Lindsey មេបញ្ជាការនាវា HMS TAMAR នៃកងទ័ពជើងទឹកចក្រភពអង់គ្លេស
ក្នុងឱកាសដែលលោកដឹកនាំនាវាមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះធ្វើឡើងនាព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៦ នៅសាលប្រជុំសាលាខេត្តឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនអំពីភូមិសាស្ត្រ និងសក្តានុពលសេដ្ឋកិច្ចសំខាន់ៗរបស់ខេត្តព្រះសីហនុ ធនធានធម្មជាតិ និងទេសចរណ៍ដែលមានកោះ ៣២, ឆ្នេរសមុទ្រប្រវែង ១៧៥ គីឡូម៉ែត្រ, ព្រៃឈើ, ព្រៃកោងកាង និងឧទ្យានជាតិ ដែលជាប្រភពទ្រទ្រង់វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។ ពិសេសជាងនេះខេត្តព្រះសីហនុត្រូវបានប្រសិទ្ធនាមជា “តារារះនាទិសនិរតី” និងបានចូលជាសមាជិកក្លឹបឆ្នេរស្អាតបំផុតលើសកលលោក តាំងពីឆ្នាំ២០១១។
ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងនូវការអបអរសាទរចំពោះខួប ៧៣ ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-អង់គ្លេស ដែលជាដៃគូពាណិជ្ជកម្មធំទី១០ និងបានជួយកម្ពុជាលើការបោសសំអាតមីន វិស័យការពារជាតិ និងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាឱ្យតម្លៃខ្ពស់បំផុតលើសន្តិភាព ដោយសារធ្លាប់ឆ្លងកាត់សង្គ្រាមជិត ៥០០ ឆ្នាំមកហើយ ដូច្នេះកម្ពុជាមិនចង់ឱ្យមានសង្គ្រាមកើតឡើងវិញឡើយ។
ជាការឆ្លើយតប លោកវរនាវីទោ TOM Lindsey បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងដែលបានដឹកនាំនាវា HMS TAMAR មកដល់ប្រទេសកម្ពុជា និងបានអបអរសាទរចំពោះការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ក៏ដូចជាកម្ពុជាទាំងមូល។ លោកបានបន្ថែមថា ក្នុងនាមជានាវីផ្នែកសន្តិសុខលម្ហសមុទ្រ ការមកដល់ទីនេះគឺដោយសារទីនេះមានតម្លៃផ្នែកសន្តិភាព សេរីភាព និងពាណិជ្ជកម្ម។ លោកមានការឈឺចាប់ចំពោះសង្គ្រាមដែលកើតមានលើពិភពលោក ប៉ុន្តែគាំទ្រដល់ដំណោះ ស្រាយដោយសន្តិវិធីរបស់រដ្ឋាភិបាល ហើយលោកពិតជាមានសេចក្តីសប្បាយរីករាយចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋបាលខេត្តព្រះសីហនុ។
ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់លោក TOM Lindsey សូមជួយពាំនាំនូវអ្វីដែលបានឃើញនៅទីនេះ ទៅប្រាប់ដល់មិត្តភក្តិ ក្រុមគ្រួសារ និងប្រជាជននៅលើពិភពលោក ព្រមទាំងបានជូនពរឱ្យទទួលបានសុវត្ថិភាព និងជោគជ័យលើបេសកកម្មរបស់លោក។
អត្ថបទ៖ មន សូត្រ







