សិក្ខាសាលាផ្សព្វផ្សាយស្តីពី “បទដ្ឋាន និងគោលការណ៍ណែនាំបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន”

ទីស្តីការក្រសួង៖ នារសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារ ណការ និងដឹកជញ្ជូន និង ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាសហធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “បទដ្ឋាន និងគោលការណ៍ណែនាំបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន” ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីររាជធានី-ខេត្ត អង្គភាពកងវិស្វកម្ម វិស័យឯកជន និងមន្ត្រីក្រោមឱវាទក្រសួងជាច្រើនរូប។

ការរៀបចំ និងធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេស គឺជាកិច្ចការដ៏ចម្បងមួយដែលក្រសួងបានអនុវត្ត ដោយធ្វើបច្ចុប្បន្នភាពលើបទដ្ឋានចាស់កាលពីឆ្នាំ១៩៩៩ និងបំពេញបន្ថែមនូវបទដ្ឋានថ្មីៗ ក្រោមការសហប្រតិបត្តិការជាមួយក្រុមជំនាញការ P4I និង Austroads នៃប្រទេសអូស្ត្រាលី។ ការធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសទាំងនេះ គឺដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ក៏ដូចជាឆ្លើយតបទៅនឹងការវិវឌ្ឍសកលភាវូបនីយកម្ម បច្ចេកវិទ្យាឌីជីថល និងជាពិសេសការបង្កើនភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។ បច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន មានបទដ្ឋានបច្ចេកទេសចំនួន ១០ ផ្នែក សរុប ៤២ ឯកសារ ដែលនឹងត្រូវប្រគល់ជូនដល់ភាគីពាក់ព័ន្ធសម្រាប់ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដែលនេះជាជំហានដ៏សំខាន់មួយក្នុងការធានាគុណភាពសំណង់ផ្លូវថ្នល់នៅកម្ពុជាឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្កត់ធ្ងន់ថា ភាគីសាងសង់ និងទីប្រឹក្សាបច្ចេកទេសទាំងអស់ ត្រូវយកបទដ្ឋានបច្ចេកទេសដែលបានផ្សព្វផ្សាយនេះទៅអនុវត្តឱ្យបានត្រឹមត្រូវ ដោយមិនត្រូវបន្ថែម ឬបន្ថយកម្រិតបច្ចេកទេសតាមការយល់ឃើញផ្ទាល់ខ្លួនឡើយ ហើយការគិតគូរអំពីស្តង់ដារបច្ចេកទេសតែមួយមុខ មិនទាន់ធានាបាននូវការប្រើប្រាស់ផ្លូវបានយូរអង្វែងនោះទេ ប្រសិនបើអ្នកប្រើប្រាស់ផ្លូវខ្វះការយល់ដឹង និងធ្វើការដឹកជញ្ជូនទំនិញទម្ងន់ធ្ងន់លើសកម្រិតកំណត់។ ក្នុងន័យនេះ ឯកឧត្តមបានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមសហការទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីការពារផ្លូវថ្នល់ឱ្យប្រើប្រាស់បានយូរអង្វែង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសនៃក្រសួង សាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័ន អង្គភាពកងវិស្វកម្ម វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបានចូលរួមផ្តល់ធាតុចូល មតិយោបល់ល្អៗសម្រាប់ការធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសកន្លងមក និងមានសុទិដ្ឋិ និយមថា បទដ្ឋានបច្ចេកទេសទាំងអស់នេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់យកទៅអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ប្រកបដោយគុណភាព និងនិរន្តរភាព៕