រញ្ជួយដីកម្រិត៦.៧រ៉ិចទ័រនៅភាគខាងត្បូងប្រទេសប៉េរូធ្វើឱ្យមនុស្ស២នាក់របួសភ្លាមៗ បំផ្លាញផ្ទះសម្បែងជនស៊ីវិល២២ខ្នង-មណ្ឌលសុខភាព៦ និងសាលារៀន១ខ្នងថែមទៀត

គ្រោះរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័របានរំញ័រនៅភាគខាងត្បូងនៃតំបន់ Andes ក្នុងប្រទេសប៉េរូកាលពីថ្ងៃព្រហស្បតិ៍នេះ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២នាក់រងរបួស និងបំផ្លាញផ្ទះសម្បែង បំផ្លាញមណ្ឌលសុខភាព និងសាលារៀន នេះបើយោងតាមអាជ្ញាធរមូលដ្ឋាន។ ចំណែកយោងតាមការស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិកវិញបានឲ្យដឹងថា រញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង១រសៀល ម៉ោងក្នុងស្រុកនិងមានចំណុចកណ្តាលនៅចម្ងាយ៣៨គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុង Upahuacho ក្នុងខេត្ត Parinacochas នៃតំបន់ Ayacucho។ វាមានជម្រៅ៦៦គីឡូម៉ែត្រ ។ រញ្ជួយដីនេះត្រូវបានគេដឹងថាបានកើតឡើងនៅក្នុងតំបន់ជាច្រើននៃភាគខាងត្បូងប្រទេសប៉េរូផងដែរ រួមមាន៖ Ica, Arequipa, Huancavelica, Apurimac និង Cusco ក៏ដូចជានៅក្នុងរដ្ឋធានី Lima។ លោក Luis Vásquez ជាប្រធានការពារជនស៊ីវិលប៉េរ៉ូ បានប្រាប់អ្នកយកព័ត៌មានថា មនុស្សពីរនាក់បានរងរបួស ខណៈកំពុងជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ អំឡុងពេលរញ្ជួយដីនៅ Coracora ជារដ្ឋធានីមួយ ក្នុងខេត្ត Parinacochas។ អាជ្ញាធរក៏បានរាយការណ៍ពីទំហំខូចខាតផ្ទះចំនួន២២ខ្នង មណ្ឌលសុខភាពចំនួន៦ និងសាលារៀន១សម្រាប់បម្រើដល់សេវាសុខាភិបាលនៅទូទាំងស្រុក Ayacucho និង Cusco រួមទាំងទីក្រុង Puquio, Pullo, Coracora, Upahuacho, San Pedro និង Pichari ផងដែរ។ លោក Vásquez បាននិយាយថាបំណាក់ថ្មជាច្រើនត្រូវបានគេរាយការណ៍នៅលើជម្រាលភ្នំជិតតំបន់ Coracora។ កងទ័ពជើងទឹកប៉េរូបានច្រានចោលនូវព័ត៌មានពីការគំរាមកំហែងនៃរលកយក្សស៊ូណាមិ។ គ្រោះរញ្ជួយដីនេះបានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសប៉េរូ ដែលជាផ្នែកមួយនៃអក្សកងរង្វង់ភ្លើងនៃតំបន់ប៉ាស៊ីហ្វិក ដែរ និងតែងតែសកម្មជាមួយនឹងគ្រោះរញ្ជួយដីញឹកញាប់។ កាលពីឆ្នាំ ២០០៧ប៉េរ៉ូក៏រងគ្រោះរញ្ជួយដីម្តងដែរកម្រិត៧.៩ រ៉ិចទ័រនៅក្នុងខេត្តមួយនៃតំបន់ Ica បណ្តាលឱ្យមនុស្សជិត៦០០នាក់ស្លាប់៕

សម្រួលអត្ថបទ៖ សុផារិន្ទ