ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅវត្តច័ន្ទសូរិយា (ក្រឡាញ់) និងប្រគល់ថវិកាជូនដល់ក្រុមជាងធ្វើរបងមជ្ឈមណ្ឌលថែទាំចាស់ជរា នៅស្រុកកំពង់ត្រឡាច

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការសិក្សារៀនសូត្ររបស់សមណសិស្ស នៅសាលាពុទ្ធិកបឋមសិក្សាវត្តច័ន្ទសូរិយា (ក្រឡាញ់) ស្ថិតនៅភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ប្រគេនដល់សមណសិស្សដោយសេចក្តីនឹករលឹក។

ឯកឧត្តមបណ្ឌិត ក៏បានសម្តែងនូវសេចក្តីអំណរព្រះគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះចៅអធិការ ដែលបានខិតខំលះបង់កាយពល និងប្រាជ្ញាស្មារតីក្នុងការបណ្តុះបណ្តាល ចែករំលែកចំណេះដឹងដល់សមណសិស្ស។ ការលះបង់ដ៏ថ្លៃថ្លានេះ មិនត្រឹមតែជាការបណ្តុះបណ្តាលធនធានប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងប្រាជ្ញាញាណសម្រាប់សង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរួមចំណែកយ៉ាងធំធេង ក្នុងការទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែចម្រើនរុងរឿង។ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមថា នឹងបន្តចូលរួមគាំទ្រ និងសម្របសម្រួលរាល់កិច្ចការចាំបាច់នានា ដើម្បីឱ្យការសិក្សារបស់សមណសិស្សកាន់តែមានភាពរលូន និងប្រកបដោយគុណភាពខ្ពស់។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានប្រគេនព្រះចៅអធិការដែលជាគ្រូបង្រៀន នូវបច្ច័យមួយចំនួន និងសមណសិស្សទាំង ២២អង្គ ក្នុងមួយអង្គៗទទួលបានសម្ភារសិក្សា ១ឈុត និងបច្ច័យមួយចំនួន។

បន្ទាប់មក ឯកឧត្តមបណ្ឌិត និងក្រុមការងារ បានបន្តអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារ និងរបង នៅមជ្ឈមណ្ឌលថែទាំចាស់ជរា ស្ថិតក្នុងភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានផ្ដាំផ្ញើដល់ក្រុមជាងឱ្យយកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ត្រូវតាមបច្ចេកទេស និងធានាបាននូវគុណភាពរឹងមាំ ដើម្បីឱ្យសំណង់នេះអាចប្រើប្រាស់បានយូរអង្វែង និងមានសុវត្ថិភាព។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បានប្រគល់ថវិកាចំនួន ៩៥០ដុល្លារអាមេរិក ជូនដល់ក្រុមជាងសម្រាប់ការងារធ្វើរបងដំណាក់កាលទី២។ គិតមកទល់ពេលនេះ ការសាងសង់របងមជ្ឈមណ្ឌល បានចំណាយថវិកាសរុបអស់ចំនួន ១,៩៥០ដុល្លារអាមេរិក៕