ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ កិច្ចសហប្រតិបត្តិការអន្តរក្រសួង រវាងសកម្មភាពមីន និងកិច្ចការពារបរិស្ថាន នឹងក្លាយជាគំរូសម្រាប់ប្រទេសដែលរងគ្រោះដោយសារជម្លោះផ្សេងទៀតនៅទូទាំងពិភពលោក

ភ្នំពេញ, ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ — នៅទីស្តីការ​ក្រសួងបរិស្ថាន​ ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យបរិស្ថាន រវាងក្រសួងបរិស្ថាន និងក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងធម្មការនិងសាសនា និងអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ អាជ្ញាធរមីន បានចាត់ទុកកិច្ចសហប្រតិបត្តិការនេះថា ជាជំហានសំខាន់ក្នុងការភ្ជាប់ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅនឹងការការពារ និងអភិរក្សធនធានធម្មជាតិ។

ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា កម្ពុជាមានទាំងសម្បត្តិធម្មជាតិដ៏សម្បូរបែប និងមាន​បន្ទុកសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាង​ច្រើនសន្ធឹកសន្ធាប់ ដែលមួយផ្នែកនៅស្ថិតក្នុងតំបន់ការពារធម្មជាតិ។ ស្ថានភាពនេះ មិនត្រឹមតែបង្កហានិភ័យដល់សុវត្ថិភាពក្រុមអភិរក្ស និងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងរារាំងការស្រាវជ្រាវជីវចម្រុះ ការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍអេកូទេសចរណ៍ផងដែរ។

 

តាមរយៈអនុស្សរណៈនេះ អាជ្ញាធរមីន និងក្រសួងបរិស្ថាន នឹងធ្វើការរួមគ្នាកំណត់តំបន់ដែលរងការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម​ កំណត់អាទិភាពបោសសម្អាតដោយផ្អែកលើតម្រូវការអភិរក្ស សុវត្ថិភាពសហគមន៍ និងសក្តានុពលអភិវឌ្ឍន៍ ព្រមទាំងធានាថា ប្រតិបត្តិការបោសសម្អាតត្រូវអនុវត្តដោយគោរពគោលការណ៍ការពារបរិស្ថាន។

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ គឺជាការពង្រីកគោលការណ៍ «ធ្វើការរួមគ្នា សម្រេចបានរួមគ្នា» របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាការអនុវត្តជាក់ស្តែង ដោយស្ថាប័ននីមួយៗនាំមកនូវជំនាញ និងតួនាទីរៀងៗខ្លួន ដើម្បីបង្កើតតំបន់ការពារដែលមានសុវត្ថិភាពសម្រាប់មនុស្ស សហគមន៍ និងធម្មជាតិ។ កម្ពុជាក៏កំពុងពង្រីកកិច្ចសហប្រតិបត្តិការបែបនេះទៅកាន់វិស័យផ្សេងៗ ដោយភ្ជាប់ការបោសសម្អាតមីនទៅនឹងការអភិវឌ្ឍកសិកម្ម និងការអភិរក្សបរិស្ថាន។

ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា ប្រសិនបើកិច្ចសហប្រតិបត្តិការនេះទទួលបានជោគជ័យ នោះ «កិច្ចសហប្រតិបត្តិការអន្តរក្រសួង រវាងសកម្មភាពមីន និងកិច្ច​ការពារបរិស្ថាន នឹងក្លាយជាគំរូសម្រាប់ប្រទេសដែលរងគ្រោះដោយសារជម្លោះផ្សេងទៀតនៅ​ទូទាំងពិភពលោក»។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា នៅពេលកម្ពុជាសម្រេចបានគោលដៅគ្មានផលប៉ះពាល់ដោយសារមីនត្រឹមឆ្នាំ២០៣០ តំបន់អភិរក្សរបស់កម្ពុជានឹងមិនត្រឹមតែរួចផុតពីការទន្ទ្រានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួចផុតពីការគំរាមកំហែងដែលបន្សល់ទុកពីសង្គ្រាមផងដែរ។ អាជ្ញាធរមីន និងក្រសួងបរិស្ថាន នឹងរួមគ្នាធ្វើឱ្យតំបន់ការពារធម្មជាតិក្លាយជាតំបន់មានសុវត្ថិភាព មានជីវិត និងការរស់ឡើងវិញ។