ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម ស្ទីវិន ប៉ាង (Steven Pang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមត្រូវបានរដ្ឋាភិបាលសិង្ហបុរីតែងតាំងមកបំពេញបេសកកម្មការទូតនៅកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម ស្ទីវិន ប៉ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យរូបឯកឧត្តមបានចូលជួបនាពេលនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា នេះគឺជាសក្ខីភាពយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលត្រូវបានពូនជ្រុំតាំងពីសម័យមុន រវាងថ្នាក់ដឹកនាំសិង្ហបុរី និងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។

ជាការឆ្លើយតប ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏មានអត្ថន័យរបស់ឯកឧត្តមទូត ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ព្រមទាំងឆន្ទៈក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន លើមូលដ្ឋាននៃទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។

ទិសដៅកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ «សភាឌីជីថល»៖ ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា បានស្នើឱ្យភាគីទាំងពីររួមគ្នារុញច្រានកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិឱ្យកាន់តែជិតស្និទ្ធ តាមរយៈ៖

ការផ្លាស់ប្តូរទស្សនកិច្ច៖ បង្កើនការផ្លាស់ប្តូរទស្សនកិច្ចទ្វេភាគី ក្នុងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ គណៈកម្មការជំនាញ និងក្រុមមិត្តភាពសភាកម្ពុជា-សិង្ហបុរី។

ការគាំទ្រលើឆាកអន្តរជាតិ៖ បង្កើនការពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាសភាតំបន់ និងអន្តរជាតិ ដូចជា មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) សហភាពអន្តរសភា (IPU) និងវេទិកាសមាជិកសភាអាស៊ីប៉ាស៊ីហ្វិក (APPF) ដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ការធ្វើបរិវត្តកម្មឌីជីថល៖ ដោយសារសិង្ហបុរីជាប្រទេសឈានមុខលើផ្នែកបច្ចេកវិទ្យា និងរដ្ឋាភិបាលឌីជីថល ឯកឧត្តមបានស្នើឱ្យសិង្ហបុរីជួយចែករំលែកបទពិសោធន៍លើក្របខណ្ឌច្បាប់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សន្តិសុខសាយប័រ (Cybersecurity) និងការកសាងសមត្ថភាពមន្ត្រីព័ត៌មានវិទ្យា ដើម្បីជួយឱ្យរដ្ឋសភាកម្ពុជាអាចអភិវឌ្ឍទៅជា «សភាឌីជីថល (Digital Parliament)» ប្រកបដោយជោគជ័យ។

ការបំភ្លឺករណីព័ត៌មានមិនពិត និងការទប់ស្កាត់បទល្មើសអនឡាញ៖ នៅក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងអំពីករណីយុវតីសិង្ហបុរីឈ្មោះ ស៊ីទី អាយសាន ស៊ីរេហ្គា (Siti Aishan Siregar binte Siregar) ដែល ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាស្រាវជ្រាវ និងរកឃើញដោយសុវត្ថិភាពនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាល ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។ ឯកឧត្តមបានបញ្ជាក់ថា មូលហេតុពិតប្រាកដដែលនាំឱ្យយុវតីរូបនេះធ្វើដំណើរមកកម្ពុជា គឺដោយសារបញ្ហាមិនចុះសម្រុង និងការមិនសប្បាយចិត្តផ្ទាល់ខ្លួនជាមួយគ្រួសារតែប៉ុណ្ណោះ ពោលគឺមិនមែនជាករណីចាប់ជម្រិត បង្ខាំងមនុស្ស ឬពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្សឆ្លងដែន ដូចការចោទប្រកាន់នោះឡើយ។ ឯកឧត្តមបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះប្រភពព័ត៌មានអន្តរជាតិមួយចំនួន រាប់ទាំងស្ថាប័ន CNA (Channel NewsAsia) ដែលបានចុះផ្សាយព័ត៌មានមិនពិត និងខ្វះវិជ្ជាជីវៈ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា។ ឯកឧត្តមបានស្នើឱ្យឯកឧត្តមទូតជួយសម្របសម្រួលបំភ្លឺព័ត៌មានពិតទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅសិង្ហបុរីឡើងវិញ។ ជាមួយគ្នានេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scams)។ ដោយឡែក អំពីកិច្ចសហប្រតិបត្តិការថាមពល និងជំហរគាំទ្រសន្តិភាព៖ លើសពីនេះ កម្ពុជា និងសិង្ហបុរី ក៏បានបន្តគាំទ្រគម្រោងយុទ្ធសាស្ត្ររួមគ្នាក្នុងការនាំចេញថាមពលកកើតឡើងវិញ (Renewable Energy) ពីកម្ពុជាទៅកាន់សិង្ហបុរី ដែលជាគម្រោងគំរូដ៏សំខាន់សម្រាប់តំបន់អាស៊ាន។ ជាចុងក្រោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំហរដ៏ត្រឹមត្រូវ និងការទទួលខុសត្រូវរបស់រដ្ឋាភិបាលសិង្ហបុរី ជាពិសេសការថ្លែងបញ្ជាក់របស់ ឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រីសិង្ហបុរី នាពេលកន្លងមក ដែលបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់ការដោះស្រាយវិវាទព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្តិវិធី៕