ឯកឧត្តម នេត្រ ភក្ត្រា ជំរុញអ្នកសារព័ត៌មានប្រកាន់ខ្ជាប់ច្បាប់ ក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងការផ្សព្វផ្សាយព័ត៌មាន ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញដល់អ្នកសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់ ឱ្យប្រកាន់ខ្ជាប់ច្បាប់ ក្រមសីលធម៌ និងគោលការណ៍វិជ្ជាជីវៈ ក្នុងការបំពេញតួនាទី និងផ្សព្វផ្សាយព័ត៌មានដោយការទទួលខុសត្រូវ ដើម្បីចូលរួមលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីនៅក្នុងសង្គម។
ការជំរុញនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយជាមួយអង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញដល់អ្នកសារព័ត៌មានឱ្យយកចិត្តទុកដាក់លើខ្លឹមសារព័ត៌មាន របៀបរៀបរាប់ ការប្រើប្រាស់ពាក្យពេចន៍ និងរូបភាព ដើម្បីធានាថា ការផ្សព្វផ្សាយព័ត៌មានមិនប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិស្របច្បាប់របស់ស្ត្រី។
ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការប្រកាន់ខ្ជាប់ក្រមសីលធម៌ និងវិជ្ជាជីវៈ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកសាងទំនុកចិត្តរបស់សាធារណជនចំពោះសារព័ត៌មាន។ អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដោយផ្អែកលើការពិត មានតុល្យភាព ប្រកបដោយការប្រុងប្រយ័ត្ន និងគោរពសិទ្ធិរបស់បុគ្គល ជាពិសេសក្នុងការរាយការណ៍អំពីបញ្ហាដែលពាក់ព័ន្ធនឹងស្ត្រី និងកុមារ។
ក្នុងន័យនេះ អ្នកសារព័ត៌មានត្រូវជៀសវាងការប្រើប្រាស់ខ្លឹមសារ ឬរូបភាពដែលអាចបង្កការរើសអើង បន្ទាបបន្ថោក ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ឬបង្កើតទស្សនៈអវិជ្ជមានចំពោះស្ត្រី។ ផ្ទុយទៅវិញ ការផ្សព្វផ្សាយព័ត៌មានគួរតែចូលរួមបង្ហាញពីតួនាទី សមត្ថភាព ស្នាដៃ និងការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ សិក្សា និងយល់ដឹងអំពីច្បាប់ ព្រមទាំងគោលការណ៍សីលធម៌ពាក់ព័ន្ធនឹងការរាយការណ៍ព័ត៌មាន ដើម្បីអាចបំពេញតួនាទីជាអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវចំពោះសង្គម។
ឯកឧត្តមបានបញ្ជាក់ថា ការប្រកាន់ខ្ជាប់ច្បាប់ ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន មិនត្រឹមតែជួយលើកកម្ពស់គុណភាព និងភាពជឿទុកចិត្តលើវិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចូលរួមដ៏សំខាន់ក្នុងការកសាងសង្គមមួយដែលគោរពសិទ្ធិ មិនរើសអើង និងផ្តល់តម្លៃដល់ស្ត្រី ព្រមទាំងលើកស្ទួយកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីគ្រប់រូប៕







