ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆមាសទី១ និងតម្រង់ទិសការងារសម្របសម្រួលអង្គការ និងសមាគមអ្នកសារព័ត៌មាននៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលបានអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២៦ និងតម្រង់ទិសលើការងារសម្របសម្រួលអង្គការ និងសមាគមអ្នកសារព័ត៌មាននៅកម្ពុជា នៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក កំណត់បញ្ហាប្រឈម និងចំណុចខ្វះខាតដែលត្រូវកែលម្អ ព្រមទាំងកំណត់ទិសដៅ និងផែនការសកម្មភាពសម្រាប់ការងារបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃកិច្ចសហការរវាងក្រសួងព័ត៌មាន អង្គការ សមាគមអ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មាន និងសារព័ត៌មាននៅកម្ពុជា។
តាមរយៈការពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងកិច្ចប្រជុំនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងព័ត៌មាន ក្នុងការពង្រឹងកិច្ចសម្របសម្រួលជាមួយអង្គការ និងសមាគមអ្នកសារព័ត៌មាន ដើម្បីធានាថា វិស័យសារព័ត៌មាននៅកម្ពុជាអាចបន្តអភិវឌ្ឍប្រកបដោយវិជ្ជាជីវៈ គុណភាព សីលធម៌ និងការទទួលខុសត្រូវ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការរបស់សង្គមក្នុងយុគសម័យឌីជីថល៕







