ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ផ្តើមយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង

នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញធ្វើជីវមាត្ររួចរាល់ ដើម្បីធ្វើជាគំរូដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់។ យុទ្ធនាការនេះរៀបចំដោយគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៃក្រសួងមុខងារសាធារណៈ ដោយប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅតាមរចនាសម្ព័ន្ធអង្គភាពចំណុះទីស្តីការក្រសួង។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាក្រសួងគោលដៅទី២២ នៃយុទ្ធនាការជំរឿនមន្ត្រីថ្នាក់ជាតិ។ ការចុះអនុវត្តនេះធ្វើឡើងដើម្បីផ្ទៀងផ្ទាត់វត្តមានជាក់ស្តែង និងប្រមូលទិន្នន័យជីវមាត្រ ក្នុងគោលដៅធានាឱ្យបាននូវទិន្នន័យមន្ត្រីរាជការដែលមានភាពច្បាស់លាស់ ឯកភាព និងមានតម្លាភាពខ្ពស់ក្នុងការគ្រប់ គ្រងធនធានមនុស្ស។

គណៈកម្មការជំរឿនបានស្នើសុំឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ អញ្ជើញមកបង្ហាញខ្លួនឱ្យបានត្រឹមត្រូវតាមកាលវិភាគ និងទីតាំងដែលបានកំណត់។ មន្ត្រីទាំងអស់ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬកាតមន្ត្រីរាជការច្បាប់ដើម ដើម្បីថតរូបនិងធ្វើជីវមាត្រ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឡុង ប៉ុណ្ណាសុីរីវត្ថ រដ្ឋលេខា ធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍លើកឡើងថា ការធ្វើជំរឿននេះគឺជាផ្នែកមួយនៃយន្តការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល សម្រាប់ការកែលម្អប្រព័ន្ធជ្រើស រើសមន្ត្រី ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នព្រមទាំងមន្ត្រីរាជការ ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម។ ឯកឧត្តម បន្ថែមថា ការនេះជួយឱ្យដឹងច្បាស់ពីចំនួនមន្ត្រីរាជការជាក់ស្តែង, ស្គាល់ស្ថាប័ន និងមន្ត្រីដែលបំពេញការងារតាមគោលដៅ និងការទទួលខុសត្រូវច្បាស់ លាស់, ពង្រឹងអភិបាលកិច្ចល្អ និងគិតគូរវែងឆ្ងាយលើផែនការកសាងធនធានមនុស្ស។ ការធ្វើជំរឿនមិនមែនជាសម្ពាធ ហើយក៏មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រក្រតីភាពនៃការបំពេញការងារ ឬការផ្តល់សេវាជូនប្រជាពលរដ្ឋឡើយ។ កិច្ចការនេះធ្វើឡើងដើម្បីរុញច្រានកម្ពុជាឱ្យសម្រេចបាននូវគោលដៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកជំទាវ ឆាយ គឹមសុទ្ធី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍លើកឡើងថា ការងារជំរឿនចែកចេញជា ៣ ដំណាក់កាល គឺ ដំណាក់កាលមុនជំរឿន, ដំណាក់កាលជំរឿន និងដំណាក់កាលក្រោយជំរឿន។ ក្រសួងទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំតារាងព័ត៌មាន កាលវិភាគ បិទផ្សាយព័ត៌មាន និងកំណត់តួនាទីភារកិច្ចក្រុមការងារឱ្យបានច្បាស់លាស់ដើម្បីសម្រួលដល់ដំណើរការ។ សម្រាប់យុទ្ធនាការរយៈពេល ២ ថ្ងៃនេះ ផ្អែកលើគោលការណ៍មិនឱ្យប៉ះពាល់ដល់ការងារប្រចាំថ្ងៃ និងតាមការស្នើសុំរបស់ក្រសួង-ស្ថាប័ន។