ឯកឧត្តម នេត្រ ភក្ត្រា ជួបសំណេះសំណាល និងតម្រង់ទិសការងារជាមួយអង្គភាពសារព័ត៌មាន និងអ្នកអនុវត្តការងារវិស័យព័ត៌មាន និងសោតទស្សន៍
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វ ផ្សាយជាមួយអង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។
ពិធីសំណេះសំណាល និងតម្រង់ទិសនេះ មានការចូលរួមពីអ្នករាយការណ៍ព័ត៌មានពេលរាត្រី និងអង្គភាពសារព័ត៌មានជាច្រើន ដែលបានរាយការណ៍យ៉ាងសកម្មអំពីព័ត៌មានទាន់ហេតុការណ៍ ព្រមទាំងមន្ត្រីមកពីនាយកដ្ឋានកិច្ចការព័ត៌មាន និងទំនាក់ទំនងសាធារណៈ នាយកដ្ឋាននីតិកម្ម នាយកដ្ឋានសោតទស្សន៍ និងអធិការដ្ឋាន សរុបប្រមាណជាង ១០០នាក់។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានណែនាំ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ក្នុងការបំពេញតួនាទីផ្សព្វផ្សាយព័ត៌មានជូនសាធារណជន។ អ្នកសារព័ត៌មានត្រូវមានការទទួលខុសត្រូវចំពោះរាល់ព័ត៌មានដែលខ្លួនផ្សព្វផ្សាយ ត្រូវផ្តល់អាទិភាពដល់ភាពពិត ភាពត្រឹមត្រូវ និងប្រភពព័ត៌មានច្បាស់លាស់ ព្រមទាំងជៀសវាងការផ្សព្វផ្សាយខ្លឹមសារដែលអាចប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សីលធម៌សង្គម និងតម្លៃវប្បធម៌ខ្មែរ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ ស អ្នកសារព័ត៌មានត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការផលិត និងចែករំលែកព័ត៌មាន ជាពិសេសព័ត៌មានទាន់ហេតុការណ៍ ដោយមិនត្រូវឱ្យភាពរហ័សរហួនក្លាយជាមូលហេតុនៃការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលខ្វះការផ្ទៀងផ្ទាត់នោះឡើយ។
ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំឱ្យអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយខ្លឹមសារដែលមានប្រយោជន៍ដល់សង្គម លើកស្ទួយវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អ្នកសារព័ត៌មានគួរជៀសវាងការផ្សព្វផ្សាយខ្លឹមសារ រូបភាព ឬព័ត៌មានដែលបន្ទាបបន្ថោកស្ត្រី ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រី ហើយគួររួមគ្នាផ្សព្វផ្សាយខ្លឹមសារដែលលើកតម្កើងស្ត្រីខ្មែរ សីលធម៌ល្អ និងវប្បធម៌ដ៏ផូរផង់របស់ជាតិ។ ការផ្សព្វផ្សាយព័ត៌មានមិនត្រឹមតែមានគោលដៅទាក់ ទាញការចាប់អារម្មណ៍របស់អ្នកទស្សនា ឬអ្នកអានប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរពីផលប៉ះពាល់នៃខ្លឹមសារទាំងនោះចំពោះបុគ្គល គ្រួសារ និងសង្គមទាំងមូល។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មានទាំងអស់ ឱ្យចូលរួមជាមួយក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ក្នុងការ បង្កើតបរិយាកាសព័ត៌មានប្រកបដោយវិជ្ជាជីវៈ សីលធម៌ និងការទទួលខុសត្រូវ ដោយផ្តោតលើការផ្សព្វផ្សាយព័ត៌មានដែលមានប្រយោជន៍ និងរួមចំណែកដល់ការអភិវឌ្ឍសង្គម។
ឯកឧត្តមបានបញ្ជាក់ថា គោលបំណងសំខាន់នៃការតម្រង់ទិសជាបន្តបន្ទាប់នេះ គឺដើម្បីឱ្យអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានកាន់តែយល់ច្បាស់ពីតួនាទី និងការទទួលខុស ត្រូវរបស់ខ្លួនក្នុងការផ្សព្វផ្សាយព័ត៌មាន ជាពិសេសការរាយ ការណ៍ព័ត៌មានទាន់ហេតុការណ៍ ដោយធានាថា ព័ត៌មានដែលផ្សព្វផ្សាយទៅកាន់សាធារណជនមានភាពត្រឹមត្រូវ មានតុល្យភាព គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ព្រមទាំងស្របតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
តាមរយៈការតម្រង់ទិសនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានរំពឹងថា អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ នឹងបន្តពង្រឹងស្មារតីវិជ្ជាជីវៈ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងចូលរួមកសាងសង្គមព័ត៌មានដែលមានគុណភាព ពោរពេញដោយការទទួលខុសត្រូវ និងការគោរពចំពោះតម្លៃមនុស្ស សីលធម៌ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា៕







