ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ Innovative University College នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងក្នុងព្រះបរមនាម សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការ ឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានដឹកនាំគណៈប្រតិភូពុទ្ធិកសាកលវិទ្យាល័យចូលរួមក្នុង ពិធីចុះអនុស្សរណៈយោគយល់ ទស្សនកិច្ច និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត Azri សាកលវិទ្យាធិការរង និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ Innovative University College នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ក្នុងសុន្ទរកថាស្វាគមន៍នៃពិធីចុះអនុស្សរណៈយោគយល់ លោកបណ្ឌិត Azri បានថ្លែងអំណរគុណចំពោះឯកឧត្តម ងួន ស្តេចភក្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកកាន់ប្រទេសម៉ាឡេស៊ី និងចូលរួមចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងសាកលវិទ្យាល័យទាំងពីរ។ លោកបណ្ឌិតបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះមានគោលបំណង រួមចំណែកអភិវឌ្ឍសមត្ថភាពស្ថាប័ន និងនិស្សិត តាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា ការផ្តល់អាហារូបករណ៍ ការលើកកម្ពស់ការស្រាវជ្រាវ ការពង្រឹងអភិបាលកិច្ច និងការពង្រីកការផ្សព្វផ្សាយទាំងក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ។ ជាពិសេស រួមចំណែកផ្សារភ្ជាប់វប្បធម៌រវាងប្រទេសទាំងពីរ តាមរយៈវិស័យអប់រំ ដោយផ្តោតលើកិច្ចសហការដែលមានលក្ខណៈស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។
ជាការឆ្លើយតប ឯកឧត្តម ងួន ស្តេចភក្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ Innovative University College ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងបានបង្ហាញពីសារៈសំខាន់នៃការចុះអនុស្សរណៈយោគយល់នេះ ក្នុងការបង្កើតឱកាសសម្រាប់សាកលវិទ្យាល័យទាំងពីរ រួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ឈានឆ្ពោះទៅរកការអប់រំប្រកបដោយឧត្តមភាព និងបរិយាបន្ន។
ជាងនេះទៅទៀត ឯកឧត្តម ក៏បានកោតសរសើចំពោះឯកឧត្តមនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសម៉ាឡេស៊ី ដែលបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាព និងយុត្តិធម៌ក្នុងជម្លោះឈ្លានពានទឹកដីពីសំណាក់កងទ័ពថៃមកលើកម្ពុជា។ ឯកឧត្តម ក៏បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី នឹងកាន់តែស្អិតរមួតលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ កាន់តែរីកចម្រើន និងទទួលបានជោគជ័យជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ចំពោះការចុះអនុស្សរណៈយោគយល់រវាងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងសាកលវិទ្យាល័យ Innovative University Collegeនាពេលនេះ គឺជាជំហានថ្មីមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាមួយស្ថាប័នឧត្តមសិក្សាអន្តរជាតិ ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍធនធានមនុស្ស ការសិក្សា ការស្រាវជ្រាវ និងការផ្លាស់ប្តូរបទពិសោធន៍រវាងសាកលវិទ្យាល័យទាំងពីរ។







