ក្រសួងការងារបានធានាពីអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករទាំង ៣រោងចក្រនៅបន្ទាយមានជ័យដែលប៉ះពាល់ដោយថៃឈ្លានពាន ខណៈដែលរោងចក្រក្នុងស្រុកកើនឡើង ឱកាសការងាររាប់ម៉ឺនកន្លែង
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធានាការគាំពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករនិយោជិតនៃរោងចក្រ សហគ្រាសចំនួន ៣នៅខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃដោយធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើង និងការបញ្ជាទិញថយចុះ ខណៈដែលរោងចក្រនៅកម្ពុជា កំពុងបន្តកើនឡើងដែលបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង។
រោងចក្រ សហគ្រាសទាំង៣ រួមមាន ក្រុមហ៊ុន អិមអិល អ៊ីនធីមេត អឹភែរឹល (ខេមបូឌា) មានកម្មករ ៦៨៣នាក់ និងក្រុមហ៊ុន ហាយធិច មានកម្មករ ២,៥៣២នាក់ ដែលកម្មករត្រូវបានទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗស្របតាមច្បាប់។ ចំណែកក្រុមហ៊ុន នី ឌិច ដាយ ខាសធីង (ខេមបូឌា) មានកម្មករ ៧២៤នាក់ គ្រោងបិទដំណើរការនៅខែតុលា ឆ្នាំ២០២៦ ដោយក្រសួងនឹងបន្តតាមដាន ដើម្បីធានាការទូទាត់សិទ្ធិ និងអត្ថប្រយោជន៍ជូនកម្មករតាមច្បាប់។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានចុះដល់ទីតាំងរោងចក្រដែលរងផលប៉ះពាល់ដោយនាំក្រុមហ៊ុនទៅជាមួយដើម្បីចុះឈ្មោះកម្មករដែលមានបំណងស្វែងរកការងារថ្មី ព្រោះសហគ្រាសដែលកំពុងត្រូវការកម្លាំងពលកម្មច្រើនជំនាញ។ សម្រាប់កម្មករដែលចង់ផ្លាស់ប្តូរមុខរបរ ក្រសួងក៏ផ្តល់ឱកាសឱ្យទទួលបានការបណ្តុះបណ្តាលជំនាញថ្មីដោយឥតគិតថ្លៃផងដែរ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា៖ «រាល់ការបិទរោងចក្រ គឺជារឿងដែលយើងមានការសោកស្តាយ ជាពិសេសផលប៉ះពាល់លើបងប្អូនយើង។ ប៉ុន្តែអ្វីដែលក្រសួងយកចិត្តទុកដាក់បំផុត គឺធ្វើយ៉ាងណាធានាសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់បងប្អូន ជួយផ្គូផ្គងការងារថ្មី និងផ្តល់ឱកាសរៀនជំនាញថ្មីដោយឥតគិតថ្លៃ។ ជាក់ស្តែង មន្ត្រី NEA របស់យើងបានចុះផ្ទាល់ដល់ទីតាំងរោងចក្រនិងផ្គូផ្គងឱកាសការងារជូន»។
លោកបន្តថា ទោះមានរោងចក្រមួយចំនួនរងផលប៉ះពាល់ក៏ដោយ ស្ថានភាពរោងចក្រ សហគ្រាស និងការងារនៅកម្ពុជាជារួមនៅតែបន្តកើនឡើង។ ក្នុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រ សហគ្រាសកើនថ្មីប្រមាណ ២,០០០ ខណៈក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ មានការកើនថ្មីចំនួន ៨៤៥ និងបង្កើតការងារថ្មីរាប់ម៉ឺនកន្លែង។
បន្ថែមពីនេះ បច្ចុប្បន្នមាន ឱកាសការងារនៅកម្ពុជាជាង ៩ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនដែលមានបំណងស្វែងរកការងារ។ ក្រសួងនឹងបន្តជំរុញការផ្គូផ្គងការងារជូនបងប្អូនកម្មករដែលរងផលប៉ះពាល់ ដើម្បីឱ្យពួកគាត់អាចទទួលបានការងារ និងប្រាក់ចំណូលឡើងវិញបានឆាប់រហ័ស៕







