អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំ “ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” លើកទី១ អាណត្តិទី២

នាព្រឹកថ្ងៃទី១៧ ខែសីហា គ.ស.២០២៦, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី១ អាណត្តិទី២ នៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ និងលោក ដែលជាសមាជិក-សមាជិកា នៃក្រុមប្រឹក្សា អ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម៖
របៀបវារៈទី១. សេចក្ដីព្រាង «របាយការណ៍សមិទ្ធកម្មសម្រាប់អាណត្តិទី១ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឆ្នាំ២០២១-២០២៥» របស់អគ្គលេខាធិការដ្ឋាន អ.ស.ហ.
អគ្គលេខាធិការដ្ឋាន អ.ស.ហ. ក្នុងនាមជាសេនាធិការឱ្យក្រុមប្រឹក្សា អ.ស.ហ. បានរៀបចំសេចក្ដីព្រាង «របាយការណ៍សមិទ្ធកម្មសម្រាប់អាណត្តិទី១ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឆ្នាំ២០២១-២០២៥» ដើម្បីបង្ហាញពីសមិទ្ធកម្មសំខាន់ៗរបស់ អ.ស.ហ. ក្នុងអាណត្តិទី១។ សេចក្ដីព្រាងរបាយការណ៍នេះ បានគូសរំលេចពីការកសាងមូលដ្ឋានគ្រឹះស្ថាប័ន ការពង្រឹងក្របខ័ណ្ឌគ្រប់គ្រងនិងត្រួតពិនិត្យប្រកបដោយលក្ខណៈសមាហរណកម្ម និងការរួមចំណែកក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ ព្រមទាំងបញ្ហាប្រឈម និងទិសដៅយុទ្ធសាស្ត្រសម្រាប់អាណត្តិទី២ ឆ្នាំ២០២៦-២០៣១។

ជាលទ្ធផល ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងផ្ដល់ការឯកភាពជាគោលការណ៍លើសេចក្ដីព្រាងរបាយការណ៍នេះ និងបានណែនាំឱ្យអគ្គលេខាធិការដ្ឋាន អ.ស.ហ. បន្តកែសម្រួលខ្លឹមសារតាមមតិយោបល់ និងសេចក្ដីសម្រេចរបស់អង្គប្រជុំ មុននឹងដាក់ឆ្លងនីតិវិធីបន្ត។
របៀបវារៈទី២. សេចក្ដីព្រាងប្រកាសស្ដីពី «លក្ខខណ្ឌវិនិច្ឆ័យភាពរឹងមាំផ្នែកហិរញ្ញវត្ថុនៃមូលនិធិសន្ដិសុខសង្គម» របស់និយ័តករសន្ដិសុខសង្គម
និយ័តករសន្ដិសុខសង្គម បានរៀបចំសេចក្ដីព្រាងប្រកាសស្ដីពី «លក្ខខណ្ឌវិនិច្ឆ័យភាពរឹងមាំផ្នែកហិរញ្ញវត្ថុនៃមូលនិធិសន្ដិសុខសង្គម» ក្នុងគោលបំណងកំណត់លក្ខខណ្ឌវិនិច្ឆ័យ សម្រាប់ពង្រឹងភាពរឹងមាំ និងធានាចីរភាពហិរញ្ញវត្ថុនៃប្រព័ន្ធសន្ដិសុខសង្គមនៅកម្ពុជា។ សេចក្ដីព្រាងប្រកាសនេះ ក៏កំណត់អំពីស្ដង់ដានៃការវិនិយោគមូលនិធិសន្ដិសុខសង្គម វិធានការកែតម្រូវ និងកាតព្វកិច្ចក្នុងការផ្ដល់របាយការណ៍ ដែលបេឡាជាតិសន្ដិសុខសង្គម ក្នុងនាមជាប្រតិបត្តិករសន្ដិសុខសង្គម ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ និងស្របតាមបទប្បញ្ញត្តិដែលមានជាធរមាន។

ជាលទ្ធផល ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងអនុម័តជាគោលការណ៍លើសេចក្ដីព្រាងប្រកាសនេះ ព្រមទាំងបានណែនាំឱ្យនិយ័តករសន្ដិសុខសង្គម ពិនិត្យកែសម្រួលទម្រង់ និងសម្អាតអក្ខរាវិរុទ្ធ ស្របតាមមតិយោបល់ និងសេចក្ដីសម្រេចរបស់អង្គប្រជុំ មុននឹងដាក់ឆ្លងនីតិវិធីបន្ត។
របៀបវារៈទី៣. បទបង្ហាញស្ដីពីសេចក្ដីព្រាង «ក្របខ័ណ្ឌគ្រប់គ្រងហានិភ័យក្នុងប្រតិបត្តិការរបបសន្ដិសុខសង្គម» របស់និយ័តករសន្ដិសុខសង្គម
និយ័តករសន្ដិសុខសង្គម បានរៀបចំសេចក្ដីព្រាង «ក្របខ័ណ្ឌគ្រប់គ្រងហានិភ័យក្នុងប្រតិបត្តិការរបបសន្ដិសុខសង្គម» ក្នុងគោលបំណងកំណត់អភិក្រម គោលការណ៍ណែនាំ និងយន្តការគ្រប់គ្រងហានិភ័យ ស្របតាមស្ដង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ។ ក្របខ័ណ្ឌនេះផ្ដោតលើការពង្រឹងអភិបាលកិច្ច ការកំណត់តួនាទីនិងភារកិច្ចរបស់និយ័តករ និងប្រតិបត្តិករ ព្រមទាំងការកំណត់អត្តសញ្ញាណ ការវាយតម្លៃ ការតាមដាន និងការកាត់បន្ថយហានិភ័យ ដើម្បីពង្រឹងប្រសិទ្ធភាព និងភាពរឹងមាំនៃប្រតិបត្តិការរបបសន្ដិសុខសង្គម។
ជាលទ្ធផល ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងអនុម័តជាគោលការណ៍លើសេចក្ដីព្រាងក្របខ័ណ្ឌនេះ និងបានណែនាំឱ្យនិយ័តករសន្ដិសុខសង្គម បន្ដកែសម្រួលខ្លឹមសារតាមមតិយោបល់ និងសេចក្ដីសម្រេចរបស់អង្គប្រជុំ មុននឹងដាក់ឆ្លងនីតិវិធីបន្ត។


​ អង្គប្រជុំបានបិទបញ្ចប់សម័យប្រជុំលើកទី១ អាណត្តិទី២ នៅវេលាម៉ោង ១២ និង ៤៥នាទីថ្ងៃត្រង់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។