ការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ ជិតសម្រេចជាស្ថាពរ និងត្រៀមក្នុងការបំពាក់គ្រឿងសង្ហារឹម

ខេត្តព្រះសីហនុ៖ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស និងក្រុមវិស្វករ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ (បណ្តោះអាសន្ន) និងចុះពិនិត្យទីតាំងការដ្ឋានសាងសង់ដោយផ្ទាល់ ដើម្បីតាមដានវឌ្ឍនភាពការងារ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមវិស្វករ ឱ្យខិតខំពន្លឿនការងារសាងសង់នៅក្នុងការដ្ឋាន និងបានចូលរួមកែលម្អចំណុចខ្វះខាតមួយចំនួន ដើម្បីធានាឱ្យបាននូវគុណភាព និងសោភណភាព ស្របតាមប្លង់ស្តង់ដារបច្ចេកទេស។

​ជាការឆ្លើយតប តំណាងមន្ត្រីជំនាញផ្នែកសាងសង់បានរាយការណ៍ជូនថ្នាក់ដឹកនាំថា ក្រុមការងារកំពុងយកចិត្តទុកដាក់ស្រូតរូតរះធ្វើការយ៉ាងសកម្ម ដើម្បីបញ្ចប់ការងារសាងសង់ឱ្យបានឆាប់រហ័ស។ តាមផែនការដែលបានគ្រោងទុក  ហើយនៅក្នុងខែកញ្ញាខាងមុខនេះ ទីតាំងការដ្ឋាននឹងត្រូវសម្អាត ដើម្បីអនុញ្ញាតឱ្យផ្នែកពាក់ព័ន្ធ ចូលរៀបចំ និងបំពាក់គ្រឿងសង្ហារឹម។
​ដោយឡែក តំណាងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសង្ហារឹម ក៏បានជម្រាបជូនបន្ថែមថា ដំណើរការរៀបចំ និងបំពាក់គ្រឿងសង្ហារឹម នឹងត្រូវដឹកជញ្ជូនជា៣ដំណាក់កាល នៅពេលដែលសម្ភារដឹកជញ្ជូនមកដល់កំពង់ផែគ្រប់ចំនួន ក្រុមហ៊ុននឹងដឹកជញ្ជូនបន្តមកកាន់អគាររដ្ឋបាលខេត្ត ហើយដំណើរការរៀបចំដំឡើង នឹងត្រូវប្រើប្រាស់រយៈពេលប្រមាណ ១ ខែ។

អត្ថបទ: មន សូត្រ