ឯកឧត្តម ងួន ស្តេចភក្តី នាំយកព្រះរាជអំណោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រគេនព្រះសង្ឃគង់ចាំវស្សានៅវត្តអសោកាធម្មមហាវិហារ ហៅវត្តប្រថុយ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ងួន ស្តេចភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងព្រីង បាននាំយកព្រះរាជអំណោយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ប្រគេនព្រះសង្ឃដែលកំពុងគង់ចាំវស្សា នៅវត្តអសោកាធម្មមហាវិហារ ហៅវត្តប្រថុយ ស្ថិតក្នុងភូមិអណ្តោត ឃុំកណ្តាលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។

វត្តអសោកាធម្មមហាវិហារ ហៅវត្តប្រថុយ គឺជាវត្តមួយដែលទើបតែចាប់ផ្តើមបង្កើតឡើង បច្ចុប្បន្ន វត្តនេះមានការខ្វះខាតស្ទើរតែគ្រប់ផ្នែក សំណង់នានាមិនទាន់មានភាពគ្រប់គ្រាន់ កន្លែងស្នាក់នៅ កន្លែងសម្រាប់ព្រះសង្ឃ និងសាលាសម្រាប់ពុទ្ធបរិស័ទធ្វើបុណ្យ ក៏នៅត្រូវការកសាងបន្ថែមជាច្រើន ។ ហើយសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារៈចាំបាច់ផ្សេងៗ ក៏នៅមានកម្រិតផងដែរ ។

ក្នុងឱកាសដ៏ប្រពៃនេះ ឯកឧត្តមប្រធានក្រុមការងារ និងសហការី បានចុះទៅដល់ទីតាំងវត្ត ដែលទើបតែចាប់ផ្តើមបង្កើតឡើង ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង និងស្វែងយល់ពីតម្រូវការចាំបាច់នានា ដែលវត្តកំពុងជួបប្រទះ។

ហើយការចុះមកដល់ទីតាំងនៅពេលនេះ គឺជាការចាប់ផ្តើមមួយដ៏មានអត្ថន័យ និងចូលរួមជួយតាមលទ្ធភាព ។

ជាមួយគ្នានេះ ឯឧត្តមប្រធានក្រុមកាងារ សង្ឃឹមយ៉ាងម៉ុតមាំថា ពុទ្ធបរិស័ទ សប្បុរសជន និងបងប្អូនទាំងអស់ដែលមានសទ្ធាជ្រះថ្លា មេត្តាចូលរួមជួយដល់ការកសាងវត្តនេះតាមលទ្ធភាព។ ការចូលរួមអាចជាថវិកា ស៊ីម៉ង់ត៍ ដែក ឥដ្ឋ ខ្សាច់ ថ្ម ឈើ សម្ភារៈប្រើប្រាស់ ឬក៏ជាកម្លាំងពលកម្ម និងកម្លាំងចិត្ត ។

សូមពញ្ចាក់ថា ព្រះរាជទានដែលបាននាំយកមកប្រគេនរួមមាន៖ ទៀនវស្សា ១គូ, អង្ករ ៣បេ, មីជាតិ ៧កេស, ទឹកក្រូច ៣កេស, សាប៊ូបោកគក់ ១ កាន, ត្រីខ ២យួរ, ទឹកត្រី ៣យួរ, ប្រេងខ្យង ១យួរ, សាប៊ូលាងចាន ១កណ្តុង, សៀង ១កណ្តុង, កន្ទេល ៣, ស្ករស ២កញ្ចប់, អំបិល ២កញ្ចប់, ប៊ីចេង ១កញ្ចប់, ម្សៅស៊ុប ១កញ្ចប់, ប្រេងឆា ១កណ្តុង, ទឹកម្ទេស ២យួរ, ទឹកសៀង ១កណ្តុង, ទឹកសៀវអុីវ ៣យួរ, កាហ្វេ ១កញ្ចប់, ទឹកបរិសុទ្ធ ២កេស និងអំពូលសូឡា ចំនួន ៣ ដេីម គិតជាទឹកប្រាក់សរុប ១,៧៨៦,០០០រៀល។

ដោយមើលឃើញពីតម្រូវការជាក់ស្តែងនៅក្នុងទីអារាម ក្រៅពីការនាំយកព្រះរាជទានមកប្រគេនព្រះសង្ឃ ឯកឧត្តមប្រធានក៏បានកៀរគរក្រុមការងារ ដែលមានសទ្ធាជ្រះថ្លា ចូលរួមចាក់ដីបំពេញបរិវេណវត្តបន្ថែមចំនួន ៤៥ឡានផងដែរក្នុងមួយឡាន២០$សរុបថវិកា 900$។