រញ្ជួយហើយរញ្ជួយទៀត! ឥណ្ឌូណេស៊ីរងគ្រោះរញ្ជួយដីកាលពីថ្ងៃសៅរ៍សម្លាប់មនុស្សជាង៥០នាក់ រាប់ពាន់នាក់គ្មានទីជម្រក មិនទាន់ធូរស្រាលផង ព្រលឹមថ្ងៃច័ន្ទនេះរញ្ជួយបន្ថែម ៥.៧រ៉ិចទ័រទៀត
អាជ្ញាធរបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី បានបន្តរកឃើញសពមនុស្សបន្ថែមចំនួន ៦នាក់ទៀតកាលពីល្ងាចថ្ងៃអាទិត្យនេះ ក្រោយពីមួយថ្ងៃនៃគ្រោះរញ្ជួយដីកម្រិត៧.៧ រ៉ិចទ័រ ដែលធ្វើឱ្យចំនួនមនុស្សស្លាប់កើនឡើងដល់៥៣នាក់ហើយ ខណៈមនុស្សរាប់ពាន់នាក់ ដែលត្រូវបានគេជម្លៀសចេញ ក្នុងរយៈពេលត្រឹមមួយយប់ នៅខាងក្រៅកន្លែងកើតហេតុ ដោយពួកគេភ័យខ្លាចមានការរញ្ជួយដីជាបន្តបន្ទាប់ទៀត។ ពិតជាដូចការព្យាករណ៍មែន នាព្រឹកថ្ងៃច័ន្ទនេះ កោះ Flores របស់ឥណ្ឌូណេស៊ីបានរញ្ជួយជាថ្មីកម្រិតស្រាលជាងមុនគឺ ៥.៧រ៉ិចទ័រជាថ្មី នៅកន្លែងដដែលក្រោយរំលងបាន២ថ្ងៃ។ ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តជីកកកាយតាមកំទេចកំទីអគារបាក់រលំ ដើម្បីស្វែងរកមនុស្សដែលកប់នៅក្រោម មានទាំងការរអិលបាក់ដីដែលបង្កឡើងដោយរញ្ជួយដីនៅទូទាំងតំបន់ចំនួន ៦នៅលើកោះ Flores ដែលជាកោះនៃក្រុមសាសនិកកាតូលិកភាគច្រើននៅក្នុងប្រទេសជាពលរដ្ឋមូស្លីម។ ពួកគេបានផ្តោតលើតំបន់ចំនួនបីដែលនៅតែមិនអាចចូលទៅដល់បានមានដូចជា៖ Manggarai ដែលរងគ្រោះខ្លាំងបំផុត, East Manggarai និង Nagekeo។ ផ្ទះជាង ៩០០ខ្នងត្រូវបានបំផ្លាញ និង ៤៥០ ខ្នងទៀតរងការខូចខាតនៅក្នុងខេត្ត East Nusa Tenggara ដោយបង្ខំមនុស្សប្រហែល ៥០០០នាក់ឱ្យចូលទៅក្នុងជម្រកបណ្តោះអាសន្ន។ គ្រោះរញ្ជួយដីកាលពីថ្ងៃសៅរ៍បានកើតឡើងក្នុងជម្រៅ១០គីឡូម៉ែត្រ នៅវេលាម៉ោង៦ព្រឹក នេះបើយោងតាមការស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក។ ប្រជាពលរដ្ឋបានរត់គេចខ្លួនយ៉ាងភ័យស្លន់ស្លោ ខណៈការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានដាក់ចេញដែរ ហើយក្រោយមកក៏រលុបទៅវិញ។ ទន្ទឹមនឹងនេះដែរ ក្រុមការងារជួយសង្គ្រោះបានចែកចាយអង្ករ អាហារកញ្ចប់សម្រាប់បរិភោគមានដូចជាទឹកស្អាត ភួយ និងថ្នាំពេទ្យមកជាមួយដែរ ក្នុងជម្រកសង្គ្រោះបន្ទាន់ត្រូវបានរៀបចំឡើងសម្រាប់អ្នកស្រុកដែលត្រូវបានផ្លាស់ទីលំនៅដោយសារគ្រោះធម្មជាតិដ៏អាក្រក់នេះ។ អាជ្ញាធរបាននិយាយថា ការជួសជុលអគ្គិសនី និងបណ្តាញទំនាក់ទំនងឡើងវិញ ក៏ដូចជាការផ្តល់ជំនួយដល់ភូមិដាច់ស្រយាលពីការរអិលបាក់ដី គឺជាបញ្ហាប្រឈមដ៏ធំបំផុត។ សូមបញ្ជាក់សារជាថ្មីថា៖ ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសប្រជុំដោយកោះជាង ១៧.០០០ កោះ ដែលងាយនឹងរងគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង ដោយសារតែវាស្ថិតនៅលើទីតាំង «កងរង្វង់ភ្លើង» នៃតំបន់ប៉ាស៊ីហ្វិក ដែលជាខ្សែធ្នូកោងនៃការរញ្ជួយដី និងសំបូរភ្នំភ្លើង។ កោះ Flores បានជួបប្រទះនឹងគ្រោះមហន្តរាយដ៏សាហាវមួយចំនួនរួចទៅហើយ ក្នុងប្រទេសនេះ។ គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិដ៏ខ្លាំងបំផុតក្នុងកំណត់ត្រានៅឥណ្ឌូណេស៊ីគឺកើតឡើងក្នុងឆ្នាំ ១៩៩២ បានសម្លាប់មនុស្សប្រហែល ២.៥០០នាក់នៅលើកោះនេះ។ ចំណែកនៅឆ្នាំ ២០១៨ គ្រោះរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រ បានបង្កឱ្យមានរលកយក្សស៊ូណាមិនៅលើកោះស៊ូឡាវេស៊ី បានសម្លាប់មនុស្សជាង ៤.៤០០ នាក់។ ហើយនៅឆ្នាំ២០០៤ គ្រោះរញ្ជួយដីកម្រិតដ៏សាហាវ៩.១ រ៉ិចទ័រ នៅឆ្នេរសមុទ្រស៊ូម៉ាត្រា បានបង្កឱ្យមានរលកយក្សស៊ូណាមិដែរ បានសម្លាប់មនុស្សប្រហែល ២៣ម៉ឺននាក់នៅក្នុងតំបន់ចំនួន១២ ក្នុងប្រទេសនេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ







