ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យវឌ្ឍនភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខេត្តកំពត

ខេត្តកំពត៖ នារសៀលថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារលើស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរខេត្តកំពត និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធផងដែរ។

គោលបំណងសំខាន់នៃការចុះពិនិត្យវឌ្ឍនភាពនេះ គឺដើម្បីសិក្សា និងវាយតម្លៃលើការអនុវត្តគម្រោងប្រតិបត្តិការ និងថែទាំប្រព័ន្ធទឹកកខ្វក់ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តគាំទ្រដល់ការលើកកម្ពស់សុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ប្រកបដោយនិរន្តរភាព។ លើសពីនេះ ក៏ដើម្បីពង្រឹងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រោយពេលដែលគម្រោងត្រូវបានបិទបញ្ចប់ជាផ្លូវការ។

ការអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសការធានាបាននូវបរិស្ថានស្អាត និងសុខភាពសាធារណៈ៕