ល្បិចជ្រាលជ្រៅ នៅតែគេចមិនផុត! ប៉ូលីសវៀតណាមរឹបអូសបានភ្លុកដំរីទំងន់១.២តោនដែលឈ្មួញលាក់លាក់បង្កប់ទុកក្នុងសាច់ឈើលាយជាមួយក្រមួន ចេញពីទ្វីបអាហ្វ្រិក

កាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ ប៉ូលីសវៀតណាមបានរឹបអូសភ្លុកដំរីដែលមានទំងន់សរុបជិត ១.២ តោនដែលអាជ្ញាធរប៉ូលីសរកឃើញនៅក្នុងទូកុងតឺន័រដឹកជញ្ជូនមួយនៅកំពង់ផែ Quy Nhon ក្នុងខេត្ត Gia Lai នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃសុក្រនេះ។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម និង សារព័ត៌មានបរទេសជាច្រើនបានផ្សព្វផ្សាយថា៖ ភ្លុកដំរីទាំងនោះបានលាក់ទុកនិងបង្កប់ក្នុងឈើចំនួន១២ដុំ ដោយឈ្មួញបានចោះប្រហោងខាងក្នុងឈើ រួចកាត់ជាដុំៗដើម្បីដាក់ភ្លុកដំរីលាយជាមួយនឹងក្រមួនស្អិតពីទ្វីបអាហ្រ្វិក។ ទីភ្នាក់ងារនេះបាននិយាយទៀតថា ភ្លុកដំរីទាំងនោះត្រូវបានគេរកឃើញរួមជាមួយឆ្អឹងសត្វមានសារធាតុភ្លុកស្រដៀងគ្នាចំនួន៨០គីឡូក្រាមផ្សេងទៀតដែរ។ អាជ្ញាធរបាននិយាយថា ភ្លុកដំរីនេះ គឺមានប្រភពចេញមកពីគ្រួសារ Elephantidae ហើយឆ្អឹងសត្វទាំងនោះគឺមានប្រភពមកពីគ្រួសារ Felidae។ ប្រភពទាំងពីរនេះគឺត្រូវបានគេចុះបញ្ជីនៅក្នុងឧបសម្ព័ន្ធនៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វកម្រ និងរុក្ខជាតិព្រៃដែលជិតផុតពូជ ឬហៅថា CITES តែម្តង៕

សម្រួលអត្ថបទ៖ សុផារិន្ទ