« ដើម្បីកសាងប្រទេសមួយឱ្យរឹងមាំ និងរីកចម្រើនខ្លាំង ទាល់តែកសាងមូលធនមនុស្សខ្លាំងពូកែឱ្យបានច្រើន»។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាគណៈអធិបតីនិងជាវាគ្មិនក្នុងបាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា «នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលក្នុងនោះ មុំទី១ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ពោលគឺជាមនុស្សដែលមានចំណេះជំនាញពិតប្រាកដ ពោរពេញដោយសមត្ថភាព ខ្លាំងពូកែ និងមានទាំងជំនាញទន់ សីលធម៌ល្អ សុខភាពរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងមានមនសិការស្នេហាជាតិខ្ពស់»។ ឯកឧត្តម ប៉ែន បូណា បន្តថា បន្ទាប់ពីមូលធនមនុស្ស គឺកត្តាសេដ្ឋកិច្ច ដែលជាមុំទី២នៃយុទ្ធសាស្ត្របញ្ចកោណ ពីព្រោះប្រទេសមួយដែលមានសេដ្ឋកិច្ចរឹងមាំ និងមានឥទ្ធិពល ទាល់តែមានសេដ្ឋកិច្ចខ្លាំង។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានជំរុញលើកទឹកចិត្តឱ្យយុវជនខិតខំរៀនសូត្រនិងចាប់យកឱកាសដែលរាជរដ្ឋាភិបាលផ្តល់ជូនដើម្បីក្លាយខ្លួនជាមូលធនមនុស្សដែលខ្លាំងពូកែនិងជាធនធានដ៏មានតម្លៃរបស់ប្រទេសជាតិទៅថ្ងៃអនាគតស្របតាមមុំទី១នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន បូណា បន្តថា ការចូលរួមរបស់យុវជនពិតជាមានសារសំខាន់ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
សូមបញ្ជាក់ថា បាឋកថានេះ បានធ្វើឡើងនៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយមានការថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តមឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ និងដោយមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតសរុបប្រមាណជាង ៦០០ នាក់។
សូមជម្រាបជូនថា យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា រួមមាន មុំទី១. គឺការអភិវឌ្ឍមូលធនមនុស្ស មុំទី២. ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែង មុំទី៣. គឺការអភិវឌ្ឍវិស័យឯកជននិងការងារ មុំទី៤. ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងមុំទី៥. គឺការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
បាឋកថានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១. ដើម្បីឱ្យយុវជនយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ទី២. លើកទឹកចិត្តដល់សមននិស្សិត-និស្សិត ឱ្យអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ទី៣. យល់ដឹងពីសារៈសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងទី៤. លើកកម្ពស់ឱ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕
ប្រភព៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល







