លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទី៥ នៃព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦
រាជធានីភ្នំពេញ៖ កាលព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ ព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអនុប្រធាន សមាជិក និងសមាជិកា នៃអនុគណៈកម្មការទី៥ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារនៃដំណើរការត្រៀមរៀបចំព្រឹត្តិការណ៍អមសំខាន់ៗទាំងពីរ រួមមាន «ភូមិហ្វ្រង់កូហ្វូនី» និង «ហ្វ្រង់កូតិច» ព្រមទាំងពិភាក្សាលើសកម្មភាពការងាររបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងក្របខណ្ឌព្រឹត្តិការណ៍អមនេះ។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ គ្រោងនឹងរៀបចំព្រឹត្តិការណ៍អមដ៏មានសារៈសំខាន់ចំនួនពីរ រួមមាន៖
ព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី»៖ ប្រារព្ធឡើងក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ដែលនឹងបង្ហាញអំពីសក្តានុពលវប្បធម៌ ទេសចរណ៍ និងអប់រំ តាមរយៈការរៀបចំពន្លាជាតិ វេទិកាតុមូល ការសម្តែងសិល្បៈប្រចាំថ្ងៃ ភូមិម្ហូបអាហារ និងស្ដង់ពិព័រណ៍ទូទៅ។ ព្រឹត្តិការណ៍នេះគ្រោងនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារខាងមុខវត្តបទុមវតី។
ព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច»៖ ជាពិព័រណ៍នវានុវត្តន៍ដែលប្រមូលផ្តុំដោយស្ថាប័ន ក្រុមហ៊ុន និងសហគ្រាសធុរកិច្ចថ្មីៗ ជុំវិញបញ្ហាបច្ចេកវិទ្យាសំខាន់ៗ ក្រោមប្រធានបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ»។ ព្រឹត្តិការណ៍នេះនឹងមានការរៀបចំពិព័រណ៍ឌីជីថល កម្មវិធីជំនួបអ្នកវិនិយោគ ការផ្គូរផ្គងធុរកិច្ច ការប្រកួតប្រជែងនវានុវត្តន៍ និងវេទិកាពិភាក្សាតុមូល ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និសីទ និងតាំងពិព័រណ៍កោះពេជ្រ។







