រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក Hegseth បញ្ជាក់ថាប្រធានាធិបតីកូឡុំប៊ីថ្មីបានស្នើសុំកិច្ចសហការដើម្បីប្រឆាំងក្រុមភេរវកម្មគ្រឿងញៀន មុនគ្រោះរញ្ជួយដីមកដល់ប៉ុន្មានថ្ងៃ
អំឡុងពេលដែលប្រធានាធិបតីកូឡុំប៊ីថ្មី កំពុងមមាញឺកជាមួយកិច្ចការជួយសង្រ្គោះជនស៊ីវិលពីគ្រោះរញ្ជួយដីដ៏កក្រើក សម្លាប់មនុស្សរាប់រយនាក់ភ្លាមៗ ស្រាបតែលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិកបាននិយាយថា រដ្ឋាភិបាលដែលទើបតែងតាំងថ្មីរបស់ប្រធានាធិបតីកូឡុំប៊ី លោក Abelardo de la Espriella បានស្នើសុំកិច្ចសហការពីសហរដ្ឋអាមេរិកក្នុងប្រតិបត្តិការយោធារួមគ្នានៅក្នុងប្រទេសកូឡុំប៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹង “ក្រុមភេរវកម្មគ្រឿងញៀន”។ អំឡុងពេលនៃកិច្ចប្រជុំនៃសម្ព័ន្ធភាពប្រឆាំងក្រុមជួញដូរគ្រឿងញៀនអាមេរិក នៅប្រទេសប៉ាណាម៉ា លោក Hegseth បាននិយាយថា ប្រទេសកូឡុំប៊ីក៏នឹងចូលរួមក្នុងគំនិតផ្តួចផ្តើម “ជាខែលនៃទ្វីបអាមេរិក” ដោយក្លាយខ្លួនជាសមាជិកទី១៩ដែរ។ គំនិតផ្តួចផ្តើមនេះបានកើតចេញពីកិច្ចប្រជុំកំពូលកាលពីខែមីនាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងបណ្តាប្រទេសនៅអាមេរិកឡាទីន ដែលបានស្វែងរកនូវការចូលរួមកម្លាំងគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនសកល។ លោក Gustavo Petro ដែលជាអតីតប្រធានាធិបតីកូឡុំប៊ីនៅពេលនោះគឺមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនោះទេ។ លោក Hegseth បាននិយាយថា “ប្រទេសកូឡុំប៊ីបានស្នើសុំរួចហើយថា ក្រសួងសង្គ្រាមរបស់អាម៉េរិកនឹងចូលរួមជាមួយប្រទេសកូឡុំប៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មគ្រឿងញៀន ដោយអនុញ្ញាតឱ្យមានប្រតិបត្តិការយោធារួមគ្នាដើម្បីបំផ្លាញជម្រកភេរវករ និងបណ្តាញភេរវកម្ម”។ រដ្ឋាភិបាលរបស់លោក de la Espriella ដែលបានស្បថចូលកាន់តំណែងកាលពីចុងសប្តាហ៍មុន និងត្រូវបានគេស្គាល់ថាជា “ខ្លាកំណាច” ឬ “El Tigre” ប៉ុន្តែមិនទាន់មានការអត្ថាធិប្បាយភ្លាមៗលើការប្រកាសនោះនៅក្នុងប្រទេសប៉ាណាម៉ានោះដែរ។ គ្រាន់តែមេដឹកនាំអភិរក្សនិយមរូបនេះធ្លាប់បាននិយាយថារដ្ឋបាលរបស់លោកនឹងចូលរួមជាមួយគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក។ រឿងដោយឡែកមួយទៀតគឺលោក Hegseth បានជំរុញឱ្យប្រទេសអាមេរិកឡាទីននៅក្នុងកិច្ចប្រជុំនេះមិនឱ្យទទួលស្គាល់តុលាការព្រហ្មទណ្ឌអន្តរជាតិ ឬ ICC ឡើយ។ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Trump បានធ្វើការវាយប្រហារយោធាប្រឆាំងនឹងជនសង្ស័យជួញដូរគ្រឿងញៀននៅក្នុងតំបន់ ដែលបានលើកឡើងនូវសំណួរអំពីភាពស្របច្បាប់របស់ពួកគេរាប់មិនអស់ដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






