ក្រុមគ្រួសារដែលបាត់បង់អ្វីៗ គ្រប់យ៉ាងពីគ្រោះរញ្ជួយដីនៅកូឡុំប៊ី នាំគ្នាចូលទៅទទួលជំនួយសង្រ្គោះ ក្នុងទីក្រុង Cali ស្របពេលដែលមនុស្សស្លាប់កើនដល់ ២៦៥នាក់ហើយ

ក្រុមគ្រួសារ និងអ្នកស្រុកនៅក្នុងទីក្រុង Cali នៃប្រទេសកូឡុំប៊ី ដែលបានបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេពីគ្រោះរញ្ជួយដីដ៏សាហាវកាលពីថ្ងៃចន្ទនេះ បានប្រមូលផ្តុំគ្នានៅតាមជម្រកបណ្តោះអាសន្នសម្រាប់ជនរងគ្រោះ ដើម្បីមកទទួលអំណោយជាអាហារ និងសម្លៀកបំពាក់។ ជំនួយជាច្រើនពីដៃគូក្នុងតំបន់បានចាប់ផ្តើមបញ្ជូនទៅកាន់ប្រទេសកូឡុំប៊ីជាបន្តបន្ទាប់ កាលពីថ្ងៃពុធនេះ ខណៈដែលការស្វែងរកអ្នករស់រានមានជីវិត នៅក្នុងគំនរបាក់បែក នៃការរញ្ជួយដីដ៏ខ្លាំងកាន់តែអស់សង្ឃឹមទៅៗ បន្ទាប់ពីគ្រោះរញ្ជួយដីបានបំផ្លាញអគារ ផ្លូវកោង និងបន្សល់រថយន្តដែលខូចខាត។ ការបំផ្លិចបំផ្លាញនេះហាក់ដូចជាវិញ្ញាសារដើម្បីសាកល្បងនូវដំណោះស្រាយរបស់ប្រធានាធិបតីថ្មីរបស់ប្រទេសកូឡុំប៊ីដូច្នោះដែរ គឺលោក Abelardo de la Espriella និងរដ្ឋាភិបាលរបស់លោក ខណៈដែលប្រទេសនេះកំពុងប្រញាប់ប្រញាល់ឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់ និងជំរុញឱ្យមានការផ្តល់ជំនួយដល់សហគមន៍ដែលរងផលប៉ះពាល់ខ្លាំងបំផុត។ លោក De la Espriella បាននិយាយថា មនុស្សស្លាប់កើនដល់ ២៦៥នាក់ក្រោយការរញ្ជួយដីកម្រិតដ៏ខ្លាំង ៧.៤ រ៉ិចទ័រ ដែលបានវាយប្រហារភាគខាងលិចនៃប្រទេសកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ប្រធានាធិបតីថ្មីរូបនេះបាននិយាយទៀតថា មនុស្សជិត៥០០នាក់ត្រូវបានគេរាយការណ៍ថាបាត់ខ្លួន ទោះបីជាមូលដ្ឋានដែលគ្រប់គ្រងទិន្នន័យជនស៊ីវិលបញ្ជាក់ថាវាចំនួនជាង ៤១០០នាក់ក៏ដោយ។ លោក de la Espriella បាននិយាយថា សរុបមក គ្រួសារជាង ២៥,៨០០គ្រួសារបានរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីដ៏សាហាវនេះ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ