«រួមគ្នាថ្ងៃនេះ ដើម្បីឱ្យដំរីមានថ្ងៃស្អែក»៖ ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវឱ្យរួមគ្នាអភិរក្សដំរី ជាមរតកមានជីវិតរបស់កម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសកម្មវិធី «រាត្រីសមោសរ រៃអង្គាសថវិកា អៃរាវត្តា ២០២៦» ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា បានអំពាវនាវដល់សប្បុរសជន ដៃគូអភិរក្ស វិស័យឯកជន និងសាធារណជនទាំងអស់ រួមគ្នាចូលរួមការពារ និងអភិរក្សសត្វដំរី ដើម្បីធានាឱ្យសត្វដ៏មានតម្លៃនេះនៅតែមានជីវិត និងបន្តពូជសម្រាប់មនុស្សជំនាន់ក្រោយ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា រាត្រីសមោសរនេះ មិនមែនគ្រាន់តែជាការជួបជុំ ឬរៃអង្គាសថវិកានោះទេ ប៉ុន្តែជាការបង្ហាញពីក្តីស្រឡាញ់ ក្តីសង្ឃឹម និងការទទួលខុសត្រូវរួមចំពោះសត្វដំរី ដែលបានរស់នៅជាមួយព្រៃឈើ មនុស្ស ប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ខ្មែររាប់ពាន់ឆ្នាំមកហើយ។
ការអំពាវរបស់ ឯកឧត្តម ប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា ធ្វើឡើងក្នុងកម្មវិធីរាត្រីសមោសរ អៃរាវត្តា ២០២៦ រៀបចំឡើងដោយសមាគមអភិរក្សដំរីអៃរាវត្តា នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នាសណ្ឋាគារ សាន់ & មូន រីវេសាយ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
រាត្រីសមោសរធ្វើឡើងក្នុងគោលបំណងប្រមូលធនធាន និងលើកកម្ពស់ការចូលរួមពីសាធារណជន ដើម្បីបន្តបេសកកម្មជួយសង្គ្រោះ និងអភិរក្សដំរីខ្មែរ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា ដំរីមិនមែនគ្រាន់តែជាសត្វមួយប្រភេទទេ ប៉ុន្តែជាមរតកមានជីវិត។ រូបដំរីត្រូវបានឆ្លាក់នៅលើប្រាសាទបុរាណ ហើយវត្តមានរបស់ដំរីក៏មានជាប់ពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រ ជំនឿ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល។ ដូច្នេះ ការបាត់បង់ដំរី ក៏មានន័យថា កម្ពុជាអាចបាត់បង់ផ្នែកមួយនៃធម្មជាតិ វប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួនផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ន ដំរីអាស៊ីនៅក្នុងព្រៃកម្ពុជាត្រូវបានប៉ាន់ប្រមាណថាមានប្រមាណ ៤០០ ទៅ ៦០០ក្បាល ខណៈដំរីស្រុកនៅសល់ប្រមាណជាង ៧០ក្បាលប៉ុណ្ណោះ។ ទោះជាយ៉ាងណា ស្ថានភាពនេះក៏បានផ្តល់ក្តីសង្ឃឹមដល់ការងារអភិរក្ស ដោយលទ្ធផលសិក្សាមួយចំនួនបានបង្ហាញសញ្ញាវិជ្ជមានអំពីស្ថានភាពដំរីនៅតំបន់មួយចំនួន។
ឯកឧត្តម បានលើកឡើងថា តួលេខទាំងនេះបង្ហាញទាំងក្តីសង្ឃឹម និងការព្រួយបារម្ភ។ ក្តីសង្ឃឹម គឺការអភិរក្សអាចផ្តល់លទ្ធផល និងធ្វើឱ្យធម្មជាតិមានលទ្ធភាពស្តារខ្លួនឡើងវិញ។ ប៉ុន្តែការព្រួយបារម្ភ គឺក្តីសង្ឃឹមនេះនៅតែផុយស្រួយ ហើយត្រូវការការការពារជាបន្តបន្ទាប់។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ដំរីមានតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ព្រោះវាត្រូវបានចាត់ទុកថាជា «វិស្វករនៃប្រព័ន្ធអេកូឡូស៊ី»។ តាមរយៈការធ្វើដំណើរឆ្លងកាត់ព្រៃ ការបរិភោគផ្លែឈើ និងការរាយប៉ាយគ្រាប់ពូជ ដំរីបានចូលរួមបង្កើត និងរក្សាភាពចម្រុះនៃព្រៃឈើ។ ដូច្នេះ ការការពារដំរី គឺការការពារព្រៃឈើ ជីវចម្រុះ ដី ទឹក និងធម្មជាតិដែលមនុស្សពឹងផ្អែក។
ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការអភិរក្សដំរីស្រុក ដែលត្រូវការការថែទាំយ៉ាងយកចិត្តទុកដាក់ ទាំងចំណី សុខភាព ពេទ្យសត្វ ទីជម្រក អ្នកថែដំរី និងការគាំទ្ររយៈពេលវែង។ ក្នុងន័យនេះ សមាគមអភិរក្សដំរីអៃរ៉ាវត្តា កំពុងចូលរួមថែរក្សាសុខុមាលភាពដំរី រក្សាចំណេះដឹង និងទំនាក់ទំនងប្រពៃណីរវាងមនុស្សនិងដំរី ព្រមទាំងបង្កើតលក្ខខណ្ឌសមស្របសម្រាប់ការបន្តពូជ។
ឯកឧត្តមបានចាត់ទុករាល់កំណើតកូនដំរីថា ជា «ក្តីសង្ឃឹម» សម្រាប់អនាគតនៃការអភិរក្ស។ ក្នុងរយៈពេលប្រមាណ ៥ឆ្នាំចុងក្រោយ កម្ពុជាបានឃើញកំណើតកូនដំរីស្រុកចំនួន ២ក្បាល ដែលក្នុងនោះ «ណូអែល» នៅខេត្តរតនគិរី ត្រូវបានចាត់ទុកជានិមិត្តរូបមួយនៃក្តីសង្ឃឹម និងការខិតខំប្រឹងប្រែងរបស់សមាគមអភិរក្សដំរីអៃរ៉ាវត្តា។
ទោះជាយ៉ាងណា ករណីកូនដំរីមួយក្បាលទៀតដែលកើតនៅខេត្តមណ្ឌលគិរី និងបានស្លាប់ដោយសារជំងឺ ក៏បានផ្តល់មេរៀនសំខាន់ថា ការអភិរក្សមិនបញ្ចប់ត្រឹមការធ្វើឱ្យដំរីមានកូននោះទេ។ ក្រោយពេលកើត ត្រូវមានការតាមដានសុខភាព អាហារូបត្ថម្ភ ការថែទាំដោយពេទ្យសត្វ និងអ្នកជំនាញ ព្រមទាំងបរិស្ថានរស់នៅដែលមានសុវត្ថិភាព។
ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវឱ្យសាធារណជនមើលឃើញថា ថវិកាដែលចូលរួមក្នុងការអភិរក្ស មិនមែនគ្រាន់តែជាចំនួនទឹកប្រាក់នោះទេ ប៉ុន្តែជាធនធានដែលអាចប្រែក្លាយទៅជាចំណី ថ្នាំពេទ្យ ការថែទាំ ការការពារមេដំរី និងកូនដំរី ព្រមទាំងជាកម្លាំងចិត្តសម្រាប់អ្នកអភិរក្ស និងអ្នកថែដំរី។
ឯកឧត្តមបានគូសបញ្ជាក់ថា «ការអភិរក្សពិតប្រាកដ» មិនមែនគ្រាន់តែធ្វើឱ្យដំរីដែលមានស្រាប់រស់នៅបានល្អនោះទេ ប៉ុន្តែត្រូវធានាឱ្យដំរីមានជំនាន់បន្ទាប់។ ដូច្នេះ ការអភិរក្សត្រូវផ្លាស់ប្តូរពីការសង្គ្រោះជីវិត ទៅកាន់ការធានាអនាគត។
ជាមួយនឹងសារដ៏មានអត្ថន័យ ឯកឧត្តមបានលើកឡើងថា កម្ពុជាមានមោទនភាពចំពោះរូបដំរីដែលបុព្វបុរសបានឆ្លាក់នៅលើប្រាសាទបុរាណ ប៉ុន្តែយើងមិនគួរទុកឱ្យកូនចៅជំនាន់ក្រោយស្គាល់ដំរីកម្ពុជាត្រឹមតែតាមរូបចម្លាក់នៅលើថ្ម ឬរូបថតក្នុងសៀវភៅនោះឡើយ។







