ខេត្តក្រចេះ ÷ នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក ម៉ុក ពន្លក បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៦ នេះថាកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយផ្នែករដ្ឋបាលជលផលបានចុះបង្ក្រាបបទល្មើសនេសាទ នៅ ក្នុងស្រុកឆ្លូងនិងបានអំពាវនាវប្រជានេសាទ កុំនេសាទល្មើសច្បាប់នៅរដូវហាមឃាត់។
លោកនាយខណ្ឌបានឲ្យដឹងថា នៅថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលក្រចេះ ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត គណៈកម្មការស្រុកដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកឆ្លូង ប៉ុស្តិ៍នគរបាលរដ្ឋបាល និងសហគមន៍នេសាទព្រែកសាម៉ាន់ សរុបអ្នក ចូលរួម១៤នាក់ ដោយប្រើប្រាស់ទូកម៉ាសុីនចំនួន៤ គ្រឿងបានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងប្រា បឹងកូនសត្វ ជ្រោយវែង និងទំនប់តាណូ ភូមិឆក់កន្ទោង ឃុំព្រែកសាម៉ាន់ ហើយទទួលបាននូវលទ្ធផលដូចខាងក្រោម៖
១- បានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់រួមមាន៖
– របាំងស្បៃមុងចំនួន៣៣ខ្សែ ប្រវែង ២៤៧៥ម
– លូស្បៃមុងចំនួន៣៥មាត់លូ
– របាំងសាច់រ៉ាវចំនួន០២ខ្សែប្រវែង២១០ម
ក្រឡាទំហំ២ស.ម
– លបរ៉ាវចំនួន០២គ្រឿង ក្រឡាទំហំ២ស.ម
-បង្គោលចម្រឹងប្ញស្សីចំនួន៤៩៥ដើម
២- បានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ៤០០គក្រ ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។
លោកនាយខណ្ឌបានអំពាវនាវប្រជានេសាទ កុំនេសាទល្មើសច្បាប់ ក្នុងរដូវបិទនេសាទជាពិសេសការប្រើប្រាស់ឧបករណ៍ល្មើសច្បាប់។ លោកបានបន្ថែមថា ជនប្រព្រឹត្តល្មើសប្រសិនបើឃាត់ខ្លួនបាន នឹងមិនលើកលែងនោះឡើយ ត្រូវតែអនុវត្តតាមច្បាប់៕







