៧ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ទទួលបានជាង ១៣ ពាន់លានដុល្លារ

ភ្នំពេញ ៖ យោងតាមយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ការដោះដូរទំនិញទ្វេភាគីកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ជាង ១៣,៦២ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៦ កើនឡើង ២៣,៩% ធៀបនឹងរយៈពេលដូចគ្នាគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅចិន មានតម្លៃជាង ១ ពាន់លានដុល្លារ កើនឡើង ២៤,២% ចំណែកចិននាំចូលមកវិញមាតម្លៃ ១២,៥ ពាន់លានដុល្លារកើន ២៣,៨%។

ប្រភេទទំនិញកម្ពុជានាំចេញទៅប្រទេសចិនភាគច្រើន គឺជាផលិតផលកសិកម្ម គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌ។

ចំណែកទំនិញនាំចូលមកវិញដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ សហគ្រាស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ អាហារ ភេសជ្ជៈ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងសំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា កម្ពុជាកំពុងត្រូវការវត្ថុធាតុដើម ជាពិសេសពីចិន និងបណ្ដាប្រទេសមួយចំនួនទៀត ដើម្បីកែច្នៃផលិត នាំចេញទៅសហគមន៍អឺរ៉ុប និងសហ រដ្ឋអាមេរិក។

អ្នកឧកញ៉ា លឹម ហេង យល់ឃើញថា៖ «យើងនាំចូលច្រើនមែន តែយើងផលិតកែច្នៃរួច យើងនាំចេញក៏យើងបានចំណេញច្រើនទៀតដែរ បានយើងចេះតែនាំចូលច្រើន ហើយនាំចេញក៏នៅតែកើន ត្បិតតែនាំចេញបានតិចជាងការនាំចូលមែន តែកុំភ្លេចថា ប្រទេសយើងមិនមែនជាប្រទេសផលិតវត្ថុធាតុដើមទេ យើងកំពុងត្រូវការវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន»។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ ១៩,៧៣ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនមានតម្លៃ ១,៦៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៣,៦៤% ចំណែកឯចិននាំចូលមកវិញ មានតម្លៃ ១៨ ពាន់លានដុល្លារ កើនឡើង ៣៤,២៩%៕