ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ប្រកួតកីឡាមិត្តភាព និងសប្បុរសធម៌ ក្រោមប្រធានបទ «បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹក នៅភូមិរងចាំ» រវាងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជា គណៈអធិបតី ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាមិត្តភាព និងសប្បុរសធម៌ ក្រោមប្រធានបទ «បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹក នៅភូមិរងចាំ» រវាងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជាមច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពចំណុះរដ្ឋបាលខេត្ត និងអ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ និងប្អូនៗយុវជន។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបណ្ឌិត ជាមច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឡើងធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្ដមានថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពចំណុះរដ្ឋបាលខេត្ត និងអ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ និងប្អូនៗយុវជនដែលមកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ សម្តែងនូវសេចក្តីសោមនស្សរីករាយ នឹងកោតសរសើរ រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានគាំទ្រ និងសម្របសម្រួល រៀបចំការប្រកួតបាល់ទាត់មិត្តភាពនេះឡើង ដើម្បីរៃអង្គាសថវិកាជួយដល់ប្រជាពលរដ្ឋភៀសសឹក នៅ«ភូមិរង់ចាំ» ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម បានបន្ថែមទៀតថា កម្មវិធីនាថ្ងៃនេះ គឺជាការចាប់ផ្តើម និងជាផ្នែកមួយនៃកម្មវិធី «បេះដូងសប្បុរសដើម្បីភូមិម៉ង់ចាំ» ដែលក្រុមបាល់ទាត់ ស.ស.យ.ក. អលស្ដារ ផ្តើមរៀបចំឡើង និងមានការសហការ គាំទ្ររៀបចំពីភាគីពាក់ព័ន្ធ រួមមានក្រុមបាល់ទាត់ដៃគូចំនួន១១ និងស្ថាប័នដៃគូដទៃទៀត។
ឯកឧត្តម ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់មហាជន យុវជន និងសប្បុរសជនទាំងអស់ បន្តរួបរួមគ្នាក្នុងស្មារតី “ខឿនការពារជាតិ ប្រជាជន” គឺយើងបន្តរួមគ្នា ចូលរួមចំណែកបន្ថែមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ភាពកក់ក្តៅ ក្តីស្រឡាញ់ និងក្តីរលឹក សម្រាប់បងប្អូនជនរួមជាតិរបស់យើង។
សូមបញ្ជាក់ថា កម្មវិធីបេះដូងសប្បុរសដើម្បី «ភូមិរង់ចាំ» នឹងមានការប្រកួតបាល់ទាត់ មិត្តភាព សប្បុរសធម៌ រវាងក្រុមបាល់ទាត់តារាកម្ពុជា នាថ្ងៃទី២៩ ខែសីហា នៅកីឡដ្ឋានស្ដាតចាស់ ជាគោលដៅ រួមគ្នាបង្កើតកម្មវិធីបាល់ទាត់ បេះដូងសប្បុរសដើម្បី រៃអង្គាសថវិកា សម្ភារ ចុះទៅឧបត្ថម្ភ ដល់ភូមិរង់ចាំ ផ្ទាល់តែម្ដង ហើយនៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ក្រុមបាល់ទាត់សប្បុរសធម៌ និងសាធារណៈជន ដែលចង់ចូលរួម នឹងទៅស្នាក់ នៅក្នុងភូមិ មួយថ្ងៃដំបូង បែបទេសចរណ៍ Homestay បន្ទាប់មកថ្ងៃទី២ បានចាប់ផ្ដើម សកម្មភាពជួបជុំ សំណេះសំណាល និងឧបត្ថម្ភថវិកា សម្ភារ ទៅតាមកម្មវិធី ដែលបានគ្រោងទុក។
ដូចនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋរចង់ចូលរួម ថវិកា សម្ភារៈ សូមអញ្ជើញផ្តល់នូវ ការចូលរួមផ្ទាល់ នៅទីស្តីការ Campus (អគារ Campus) ដែលមានទីតាំង នៅផ្លូវស្ពានអាកាស ក្បាលថ្នល់ ចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ៣០ ខែសីហា ម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ។ គោលដៅមួយទៀតគឺ ចាំទទួលថ្ងៃដែលធំគឺថ្ងៃទី ២៩ ខែសីហា អាចបងប្អូនយកទៅដល់ស្តាតចាស់តែម្តង ឬទំនាក់ទំនងតាមរយៈហ្វេសបុកផេក UYFC All Star Football និងលេខទូរសព្ទ 011 5555 95៕







