ព្យុះត្រូពិចថ្មីឈ្មោះ Chan-hom បាននឹងកំពុងរំកិលខ្លួនទៅកាន់ភាគខាងលិច-ភាគឦសានប្រទេសជប៉ុន បន្ទាប់ពីភាគខាងត្បូងប្រទេសនេះមិនទាន់ធូរស្រាលពីគ្រោះរញ្ជួយដីនៅឡើយ
ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ព្យុះត្រូពិច Chan-hom កំពុងធ្វើដំណើរទៅកាន់ភាគខាងលិចលើមហាសមុទ្រប៉ាស៊ីហ្វិកហើយ ហើយវាក៏កំពុងខិតជិតដល់ភាគឦសាននៃប្រទេសជប៉ុននៅថ្ងៃអង្គារនេះដែរ។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្លាំងព្យុះបានបោកបក់លើផ្ទៃទឹកក្នុងល្បឿន ៨២.៨គីឡូម៉ែត្រក្នុងមួយម៉ោង និងមានចម្ងាយប្រហែល ២៦០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគអាគ្នេយ៍នៃខេត្ត Fukushima នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)។ រូបភាពវីដេអូបានបង្ហាញពីរលកសមុទ្រខ្ពស់ៗនៅលើឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុង Chiba និងភាគឦសាននៃទីក្រុងតូក្យូ។ ទីភ្នាក់ងារនេះបាននិយាយទៀតថា ព្យុះនេះត្រូវបានគេរំពឹងថានឹងបោកបក់មកដល់ដីគោកនៅយប់ថ្ងៃអង្គារនេះនៅក្នុងតំបន់មួយចំនួនក្នុងទីក្រុងតូក្យូដ៏ធំ ហើយវានាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដោយឆ្លងកាត់តាមប្រជុំកោះសំខាន់ៗឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េផងដែរ។ ទីភ្នាក់ងារឧត្តុនិយមជាតិជប៉ុនបានព្យាករណ៍បន្ថែមថា នឹងមានភ្លៀងធ្លាក់រហូតដល់ ១៨០មីលីម៉ែត្រក្នុងរយៈពេល២៤ម៉ោងខាងមុខ នៅក្នុងខេត្តស្ថិតនៅភាគខាងកើត និងភាគខាងជើងរបស់ប្រទេសជប៉ុន។ ចំណែកជើងហោះហើររាប់សិបជើងទាំងចូលនិងចេញពីអាកាសយានដ្ឋាន Haneda និង Narita ត្រូវបានលុបចោលទាំងអស់ដោយសារតែឥទ្ធិពលខ្យល់ព្យុះ ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវគោក រួមទាំងរថភ្លើងល្បឿនលឿន Shinkansen មិនទាន់រងផលប៉ះពាល់នៅឡើយទេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ






