ឯកឧត្តមបណ្ឌិត លី ធុជ៖ កម្ពុជាវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសលុចសំបួ ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា
ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ — នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ទទួលជួប លោក Thomas Lammar ភារធារីនៃស្ថានទូតលុចសំបួ ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងលុចសំបួ ជាពិសេសការគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងលុចសំបួ ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនលុចសំបួ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម តាមរយៈការគាំទ្រគម្រោង «បោសសម្អាតមីនដើម្បីលទ្ធផល»។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការគាំទ្ររបស់ប្រទេសលុចសំបួ មិនត្រឹមតែជាការបោសសម្អាតមីនសប្បុរសធម៌ប៉ុណ្ណោះទេ វាថែមទាំងរួមចំណែកដល់ការកាត់បន្ថយគ្រោះថ្នាក់ កាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ដែលធ្លាប់រងផលប៉ះពាល់។
ក្នុងឱកាសនោះ ជាមួយនឹងការលើកឡើងអំពីសមិទ្ធផលសម្រេចបានក្នុងវិស័យសកម្មភាពមីនរយៈពេលជាង ៣០ឆ្នាំ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីបញ្ហាប្រឈម និងផលប៉ះពាល់អវិជ្ជមាននានានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយសារការប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទរបស់យោធាថៃ ជាពិសេសគ្រាប់បែកចង្កោម ដែលបន្សល់ទុកនៅលើទឹកដីកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ទាប់ ហើយតម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវធ្វើការដោះស្រាយជាបន្ទាន់ ត្រូវការធនធានបន្ថែម និងពេលវេលារយៈពេលយូរ។
ឯកឧត្តមបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តការយកចិត្តទុកខ្ពស់ និងបានរៀបចំឱ្យមានគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០២៣៥ ដោយបានដាក់ចេញនូវគោលដៅច្បាស់លាស់ក្នុងការដោះស្រាយយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ ឆ្ពោះទៅប្រទេសកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារយុទ្ធភណគ្រឿងផ្ទុះ។







