សិស្សនិទ្ទេស A ឆ្នាំ២០២៥ នៅខេត្តមណ្ឌលគិរី ដែលខ្វះខាតជីវភាពខ្លាំង ត្រូវបានសម្តេចតេជោ ហ៊ុន សែន ទទួលទំនុកបម្រុង ឱ្យបន្តការសិក្សានៅមហាវិទ្យាល័យ

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរខេត្តមណ្ឌលគិរី បានចុះទៅជួបសួរសុខទុក្ខសិស្សនិទ្ទេស A សម័យប្រឡងឆ្នាំ២០២៥ ដល់លំនៅឋាន ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ក្រោយទទួលបានដំណឹងពីការខ្វះខាតជីវភាពខ្លាំង ដែលតម្រូវឱ្យរូបនាងត្រូវខកខានការសិក្សាបន្តទៅមហាវិទ្យាល័យ។ យុវតី រូបនេះ មានបន្ទុកត្រូវជួយធ្វើការរកប្រាក់ចិញ្ចឹមគ្រួសារជាមួយម្តាយ និងមើលថែប្អូនប្រុសស្រី ២នាក់ទៀត នៅក្នុងបន្ទុក ខណៈដែលឪពុកត្រូវចាកចេញទៅធ្វើការនៅឆ្ងាយពីផ្ទះ។

ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានអំពីយុវតីឈ្មោះ វ៉ាន ឈុនលាង សិស្សនិទ្ទេស A សម័យប្រឡងឆ្នាំ២០២៥ ដែលកំពុងរស់នៅក្នុងជីវភាពលំបាក និងដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឱ្យអាជ្ញាធរចុះអន្តរាគមន៍ជាបន្ទាន់ ដើម្បីជួយសម្របសម្រួលដល់យុវតី វ៉ាន ឈុនលាង បានរៀនសូត្រចប់ចុងចប់ដើមលើជំនាញដែលក្មួយស្រីចង់រៀន។

ជំនួយឧបត្ថម្ភនេះ រួមមានការទំនុកបម្រុងថ្លៃការសិក្សា និងការរស់នៅទាំងស្រុងពី សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយឱ្យក្មួយស្រីអាចសម្រេចក្តីស្រមៃ បញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ មានអនាគតភ្លឺស្វាង និងក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត ៕