អាជ្ញាធរមីន និង SOS Cambodian Kids រួមដៃគ្នាលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតាមសហគមន៍រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអាជ្ញាធរមីន និងអង្គការ SOS Cambodian Kids (SOS CK) គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការមនុស្សធម៌ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតាមសហគមន៍រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម តាមរយៈការភ្ជាប់ការងារបោសសម្អាតមីនជាមួយការថែទាំសុខភាព ការអប់រំ និងនិងការអភិវឌ្ឍសហគមន៍។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងពិធីប្រគល់ប័ណ្ណសរសើរ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានដាក់មនុស្សជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍ ដោយផ្តោតលើការកែលម្អគុណភាពជីវិត សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។
ឯកឧត្តមបណ្ឌិត លី ធុជ បានឱ្យដឹងថា ក្នុងបេសកកម្មរយៈពេល ១០ថ្ងៃ នៅខេត្តកំពង់ស្ពឺ តាកែវ និងកំពង់ចាម ក្រុមគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តរបស់ SOS Cambodian Kids បានផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋប្រមាណ ១,២០០នាក់ និងចែកជូនកាបូប ព្រមទាំងសម្ភារៈសិក្សាដល់កុមារចំនួន ១,៣០០នាក់។ ជាមួយគ្នានេះ ក្រុមការងារក៏បាននាំយករទេះរុញ ឈើច្រត់ និងសម្ភារៈចាំបាច់ផ្សេងៗទៅជួយគ្រួសារជនភៀសសឹកនៅតាមតំបន់ព្រំដែន ដែលបានឆ្លុះបញ្ចាំងពីស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវការជំនួយបំផុត។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ភាពជាដៃគូរវាងអាជ្ញាធរមីន និង SOS Cambodian Kids នឹងពង្រីកការផ្តល់សេវាសុខាភិបាល និងការគាំទ្រផ្នែកអប់រំទៅកាន់សហគមន៍ដែលទើបរួចផុតពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបម្លែង «ដីមានសុវត្ថិភាព» ទៅជា «សហគមន៍មានសុខុមាលភាព»។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានថ្លែងអំណរគុណ និងប្រគល់ប័ណ្ណសរសើរជូនវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឱសថការី និងអ្នកស្ម័គ្រចិត្តសរុប ៧៤នាក់ ដែលបានលះបង់ពេលវេលា ជំនាញ និងធនធានផ្ទាល់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ការលះបង់ដ៏ថ្លៃថ្លារបស់ក្រុមការងារទាំងអស់ នឹងស្ថិតនៅក្នុងការចងចាំ និងបេះដូងរបស់ប្រជាជនកម្ពុជាជានិច្ច។







